ការប្រកួតពូល B រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា-ម៉ាឡេស៊ី ស្អែកអាចនឹងលេងដំណាលគ្នា

 

ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ ( AFF U-22 LG Cup 2019 ) បិទបញ្ចប់ពូល B ដែលធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ស្អែកនេះដោយរវាង ឥណ្ឌូនេស៊ី ជាមួយ កម្ពុជា និងមីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី គ្រោងធ្វើនៅម៉ោងដំណាលគ្នា នេះបើតាមការបញ្ជាក់ពីប្រភពច្បាស់ការណ៍មួយ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីម៉ោង និងទីលានប្រកួតនៅឡើយទេដោយរង់ចាំការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសិន។

ការប្រកួតដែលតែងតែធ្វើម៉ោងផ្សេងគ្នានោះ ( ប្រកួតទី១៖ ៣:៣០ រសៀល , ប្រកួតទី២៖ ៦:៣០ ល្ងាច ) គ្រោងប្ដូរមកប្រកួតដំណាលគ្នាវិញ ប៉ុន្តែពុំទាន់ច្បាស់ម៉ោងប្រកួត តែទំនងជានៅវេលាល្ងាចដោយសារតែប្រកួតចុងក្រោយមានការប្រកួតប្រជែងគ្នាខ្លាំងរវាងក្រុមដល់ទៅ៣ ពោលគឺឥណ្ឌូនេស៊ី , មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ជាមួយនឹងពិន្ទុប្រកៀកប្រកិតគ្នា ដែលត្រូវការ ការប្រកួតមួយដោយស្មើភាព ពុំចាំបាច់មានក្រុមណាមួយអង្គុយរង់ចាំអ៊ុតលទ្ធផលជាមុនឡើយ។

ប្រភពច្បាស់ការណ៍ដដែលបានបង្ហើបថា ប្រកួតដែលត្រូវធ្វើម៉ោងតំណាលគ្នាដូចនេះ តម្រូវឲ្យមានការប្រើប្រាស់ទីលាន ២ផ្សេងគ្នា ដូចនេះការប្រកួតរវាង ឥណ្ឌូនេស៊ី ជាមួយ កម្ពុជា នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិដដែល ស្របពេលដែលការប្រកួតរវាង មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី អាចនឹងធ្វើនៅកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅម៉ោងដំណាលគ្នាតែម្តង។

សូមបញ្ជាក់ថា ពិន្ទុរវាងក្រុមក្នុងពូល B បច្ចុប្បន្នកំពុងតែប្រឈមដាក់គ្នាយ៉ាងខ្លាំង ដោយឥណ្ឌូនេស៊ី ទើបតែរកបាន២ពិន្ទុ ខណៈម៉ាឡេស៊ី ជាមួយមីយ៉ាន់ម៉ា ក៏ទើបតែរកបាន ១ពិន្ទុដូចគ្នា ខុសប្លែកពីកម្ពុជា ដែលមាន៦ពិន្ទុយ៉ាងកក់ក្ដៅ ពុំចាំបាច់ត្រូវប្រជែងឡើយ។ ការប្រកួតថ្ងៃស្អែកក្រុម ៣ខាងលើសុទ្ធតែត្រូវការការឈ្នះជាចាំបាច់រៀងៗខ្លួន ខណៈសូម្បីតែលទ្ធផលក៏នៅតែពិបាកសម្រាប់ឱកាសក្រុមទាំង ៣នេះផងដែរ។

សូមបញ្ជាក់ដែរថា ថ្ងៃស្អែកក្រុមណាដែលទទួលបានចំណាត់ថ្នាក់លេខ២ នឹងត្រូវជួប ក្រុមឈ្នះរវាង វៀតណាម ជាមួយ ថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២២ឆ្នាំ ( AFF U-22 LG Cup 2019 )៕ Credit =camsports

Comment
0 comment

0 comment

Related articles