

កីឡាករឆ្នើមបីរូបមិនបានជាប់!! ខណៈបញ្ជីឈ្មោះក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិបានចេញថ្មីៗ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតវគ្គជម្រុះជុំទី២ពានរង្វាន់ FIFA World Cup Qatar & Asian Cup 2023 កាលពីល្ងាចថ្ងៃពុធម្សិលមិញ ដោយបានកៅហោះកីឡាករសរុបចំនួន ៣៥នាក់ អ្នកគាំទ្របានភ្ញាក់ផ្អើលជាមួយនឹងការអវត្តមានកីឡាករ ៣រូបដែលពួកគេតែងចូលរួម និងជួយក្រុមគោព្រៃកម្ពុជាពីមុនរួមមានកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និងកីឡាករ ធារី ចន្ថាប៊ីន។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលរកបាន២គ្រាប់តែម្នាក់ ជួយឲ្យក្រុមបឹងកេត យកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផលទាំង២ជើង ២-១ ដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ នោះ គឺនៅតែគ្មានឈ្មោះ នៅក្នុងការប្រមូលផ្តុំ លើកនេះដដែល ហើយបញ្ហានេះ បានធ្វើឲ្យអ្នកគាំទ្រ ចាន់ វឌ្ឍនាកា មិនសប្បាយចិត្តនោះទេ។
ចំណែកខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ក៏គ្មានឈ្មោះ នៅក្នុងបញ្ជីការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា លើកនេះដែរ ដោយសារតែរូបគេមានបញ្ហារបួស ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់ គួច សុកុម្ភ របស់ណាហ្គាវើល និង កែវ សុខផេង នៅតែទទួលបានការទុកចិត្តពីគ្រូបង្គោលក្រុមជម្រើសជាតិ លោក Felix Dalmas ហើយអ្នកចាំទីជើងចាស់ ស៊ូ យ៉ាទី ក៏មានឈ្មោះជាថ្មី ក្នុងការប្រមូលផ្តុំ លើកនេះផងដែរ៕
រីឯខ្សែបម្រើកណ្តាល ធារី ចន្ថាប៊ីន ដែលកំពុងប្រកបអាជីពនៅក្លឹប Terengganu FC លីគកំពូលម៉ាលេស៊ី ក៏ពុំមានឈ្មោះក្នុងការប្រមូលផ្តុំ លើកនេះផងដែរ៕ តែកាលពីពេលកន្លងទៅ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នគេកំពុងសម្រាក ព្យាបាលរបួស ហេតុនេះរឿងជាប់ជម្រើសជាតិ ឬអត់ គេទុកមួយឡែកសិន ពោលគឺ ធារី ព្យាយាមព្យាបាលរបួស ខ្លួនឲ្យជាសិន តែបើរបួសមិនទាន់ជា ហើយជាប់ជម្រើសជាតិ មិនអាចជួយក្រុមបាន ក៏មិនកើតដែរ។
ប៉ុន្ដែយ៉ាងណាគេមិនបានដឹងពីមូលហេតុពិតប្រាកដធ្វើឲ្យអ្នកទាំងបីគ្មានឈ្មោះក្នុងបញ្ជីបឋម ដើម្បីត្រៀមប្រមូល ផ្ដុំហ្វឹកហាត់ត្រៀមប៉ះក្រុមជម្រើសជាតិហុងកុងនោះទេ។ ចំពោះអ្នកគាំទ្រ ក៏នៅតែគោរពតាមការសម្រេចចិត្ត របស់គ្រូបង្វឹកលោក Felix និងលោក Keisuke Honda អ្នកការចាត់ទូទៅក្រុមគោព្រៃកម្ពុជាដែរ។
គួរដឹងថា ក្នុងបញ្ជីឈ្មោះបឋមនៃក្រុមគោព្រៃកម្ពុជាដែលត្រូវបានសហព័ន្ធប្រកាសល្ងាចមិញមានកីឡាករ ៣៥នាក់ មកពី 9 ក្លឹប ត្រូវបានកោះហៅត្រៀមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ចុងក្រោយ ត្រៀមជួបហុងកុង នៅជើងទី១ ក្នុងវគ្គជម្រុះជុំទី២-តំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់ ពិភពលោក ឆ្នាំ២០២២ នៅកាតា ពូល C នាថ្ងៃទី០៥ ខែកញ្ញាខាងមមុខនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕