

ក្លិបបាល់ទាត់ ខេត្តកំពង់ចាមចាប់ដៃគូសហប្រតិបត្តិការជាមួយក្លិប Singburi bangrajun FC
លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ខេត្តកំពង់ចាមឲ្យដឹងថា ចាប់ពីជុំទីពីរតទៅក្លិបរបស់លោកនឹងសហការជាដៃគូជាមួយក្លិប Singburi bangrajun fc របស់ថៃ ហើយកិច្ចសហប្រតិបត្តិការនេះក៏ផ្ដល់ផលប្រយោជន៍ច្រើនដល់ក្រុមដែរ។
អ្នកចាត់ការក្រុមទើបឡើងទៅក្របខណ្ឌ Metfone Cambodian League បន្ថែមថា Singburi នឹងជួយចំណាយថវិកា និងសម្ភារៈដល់ក្រុមរបស់លោក។ លោកថា ក្លិបថៃដដែលក៏គ្រោងដាក់លក់សម្ភារៈខ្លះៗតាមរយៈក្រុមរបស់លោកទៀតផង។
ថ្នាក់ដឹកនាំក្រុមរូបនេះរៀបរាប់ ៖”ជំហានដំបូងគេផ្ដល់ដល់យើងនូវសម្ភារៈកីឡា ដូចជាខោអាវ ហើយបន្តទៅមុខទៀត គាត់នឹងអាចចាយថវិកាជាមួយក្លិបយើងផងដែរ តែមិនទាន់ដឹងថា ចាយប៉ុនណាដែរ តែអ្វីដែលច្បាស់នោះ គឺគាត់ជួយយើងនូវសម្លៀកបំពាក់ និងភេសជ្ជៈមួយចំនួនទៀត ហើយលក់ដើម្បីយកថវិកាជួយក្លិបដែរ”។
លោក ស្រេង វ៉ាន់ណូ បន្តថា លោក Theapthana Sapphot ដែលជាអ្នកចាត់ការក្លិប Singburi bangrajun fc នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមសាជាថ្មីដើម្បីចុះកិច្ចសន្យាលើកិច្ចសហប្រតិបត្តិការដ៏ពិសេសក្នុងគោលបំណងលើកស្ទួយក្លិបរបស់កម្ពុជាមួយនេះកាន់តែមានលទ្ធភាពប្រកួតប្រជែងនៅក្របខណ្ឌកំពូល៕
- ពត៌មានបាល់ទាត់កម្ពុជា
- ស្រេង វ៉ាន់ណូ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម Singburi bangrajun fc Metfone Cambodian League 2019 Theapthana Sapphot
- 490
- 27 Jun 2019 12:01
- 962