ខ្សែ​ការពារ​កណ្ដាល​កីឡាករ សុខ សុវណ្ណ ចូលរួមជាមួយភ្នំពេញក្រោនក្រោមកិច្ចសន្យាខ្ចីជើង

 

ក្លឹប​​ភ្នំពេញ​ក្រោ​ន​បាន​ទទួល​ស្វាគមន៍ នូវ​ការ​វិល​ត្រលប់​មក​សាជាថ្មី​របស់​ខ្សែ​ការពារ​កណ្ដាល គឺ​កីឡាករ សុខ សុវណ្ណ ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ពាក់កណ្ដាល​រដូវ​កាល ពី​ក្លិប​បាល់ទាត់វិសាខា​ បន្ទាប់ពីទំព័រ Facebook ក្រុមជើងឯក MCL ៦សម័យ​បានបង្ហោះជាផ្លូវការ កាលពីរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ម្សិលមិញនេះ។ ក្រោយពីរូបគេ បាន​បង្ហោះរូបភាពមួយដោយពាក់អាវភ្នំពេញក្រោន និងសរសេរជាភាសាអង់គ្លេសថា Soon soon my old home ប្រែថា ឆាប់ៗ ផ្ទះចាស់របស់ខ្ញុំ ទីបំផុតខ្សែការពាររូបនេះបានចូលរួមជាមួយភ្នំពេញក្រោនពិតប្រាកដមែន។

 

 

បើ​តាមគេហទំព័រផ្លូវការ របស់ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានសរសេរថា សូមស្វាគមន៍នូវការវិលត្រលប់សារជាថ្មីរបស់ខ្សែការពារកណ្តាល សុខ សុវណ្ណ ក្រោមកិច្ចសន្យាខ្ចីជើងពាក់កណ្តាលរដូវកាលពីក្លិប វិសាខា ។ សុខ សុវណ្ណ មានអាយុ២៧ឆ្នាំ និងធ្លាប់ចំណាយពេល៦រដូ​វកាល (២០០៦ដល់២០១២) នៅកីឡដ្ឋាន Smart RSN ហើយរូបគេក៏ជាចំនែកមួយដែលជួយក្លឹបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២លើកពោលគឺនៅឆ្នាំ ២០១០ និង២០១១, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០០៨ និង២០០៩ បូករួមសមិទ្ធផលដ៏ធំជួយអោយក្លិប ភ្នំពេញក្រោន ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC President Cup នៅឆ្នាំ២០១១ ខណៈបរាជ័យ ៣ទល់២ ។ នៅឆ្នាំ២០១២ រូបគេបានបន្តទៅចូលរួមជាមួយក្លឹបបឹងកេត ដោយចំនាយពេលនៅទីនោះរយៈពេល៥ឆ្នាំ មុននឹងប្តូរទៅកាន់ក្លឹបវិសាខា នាដើមឆ្នាំ២០១៨ ។

 

ប៉ុន្តែ​ក្រោយ​មិន​បាន​បង្ហាញ​វត្តមាន​ទៀងទាត់​នៅ​ក្លឹប​វិសាខា ខ្សែ​ការពារ សុខ សុវណ្ណ បាន​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រឹមតែ​ពាក់កណ្ដាល​រដូវ​កាល​ប៉ុណ្ណោះ​។​​ ហើយក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាវត្តមានរបស់កីឡាករសុខ សុវណ្ណ នឹងជួយរួមចំនែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនាពេលខាងមុខ ៕

Comment
0 comment

0 comment

Related articles