លោក បែ មករា : ​ចាន់ វឌ្ឍនាកា ​ចុះកុងត្រា​​​ជាមួយនឹង​បឹងកេត រហូតដល់ទៅ ៣ឆ្នាំ

 

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​សម្រេច​ចូល​រួម​ជាមួយ​ក្រុម​បឹង​កេត​វិញ​ហើយ។ នេះ​បើ​តាម​ការប្រកាស​របស់អគ្គលេខាធិការក្លិបបឹងកេតនៅ​មុន​នេះ​បន្តិច។

លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បាន​ឲ្យដឹងថា សុពលភាពកិច្ចសន្យាសម្រាប់ ចាន់ វឌ្ឍនាកា ក្នុងការវិលត្រលប់សាជាថ្មី មានរហូតដល់ទៅ ៣ឆ្នាំឯណោះ ព្រោះសាមីខ្លួនចង់តបស្នងដល់ទ្រនំចាស់ និងមានបំណងចង់រៀនបន្តផង។

ហើយលោកបង្ហើបថា ម្ចាស់អាវលេខ១១ខាងលើ ក៏បានបដិសេធសំណើពីក្លិបម៉ាឡេស៊ីមួយទៀត គឺ Terengganu FA និងក្លិបមួយចំនួនទៀតនៅថៃ ព្រោះចង់លេងនៅស្រុកកំណើតយូរក្រែលតទៅមុខទៀត។

 

 

លោកបានពន្យល់បន្ថែមប្រាប់ថា៖ "ចិត្តគាត់ចង់លេងនៅក្នុងស្រុក អ៊ីចឹងយើងនឹងជួយជ្រោមជ្រែងគាត់ឲ្យជោគជ័យក្នុងអាជីពរបស់គាត់។ បើគាត់ចង់ត្រលប់ទៅក្រៅប្រទេស គឺជារឿងរបស់គាត់ តែដូចថាអ៊ីចឹង គាត់បានបដិសេធសំណើរបស់ Terengganu និងក្រុមមួយចំនួនទៀតពីប្រទេសថៃ ព្រោះគាត់ចង់លេងក្នុងស្រុកវិញ។ គាត់ថាគាត់ចង់តបស្នងក្លិប និងចង់រៀនបន្តផង”។

 

 

គួរដឹងដែរថា ចាន់ វឌ្ឍនាកា ​បានចាកចេញពីក្លិប PKNS នៃក្របខណ្ឌកំពូលម៉ាឡេស៊ី កាលខែឧសភា កន្លងទៅ ក្រោយរួមរស់បានត្រឹមជុំទី១។ នេះក៏ជាការវិលត្រលប់ទៅបឹងកេតជាលើកទី៣ បន្ទាប់ពីកីឡាករមានប្រភពពីខេត្តកំពតចាកចេញពីក្លិបជប៉ុន Fujieda MYFC កាលឆ្នាំ២០១៧ និង Pahang FA របស់ម៉ាឡេស៊ី នៅឆ្នាំ២០១៨៕​ ចាន់ វឌ្ឍនាកា ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា និង​ធ្លាប់​ជួយ​បឹង​កេត​លើក​ពាន ​ក៏​ដូចជា​ប្រកួត​នៅ​ក្រៅ​ស្រុក​ជោគជ័យ​ផង​ដែរ៕

 

 

សូមបញ្ជាក់ថា ក្លឹបបឹងកេត បាន​ប្រកាស​ពី​ការ​វិលត្រលប់​របស់​ចាន់ វឌ្ឍនាកា ដោយ​បង្ហោះ​វីដេអូ​ នាម៉ោង ១១:១១នាទី​ព្រឹក ថ្ងៃ​ទី១២ ខែមិថុនានេះ។ ទស្សនា​វីដេអូ​នោះ ខាងក្រោមនេះ៖

 

Comment
0 comment

0 comment

Related articles