

ថ្ងៃផ្ដាច់ព្រ័ត្រពានសម្ដេចហ៊ុនសែនមានការសម្ដែងរបស់ G-DAVIT, ទេព បូព្រឹក្ស, របាំអប្សរា, ព្រមទាំងបរិច្ចាគថវិកាដល់ពេទ្យគន្ធបុប្ផាទៀត
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០១៨នៅពហុកីឡដ្ឋានជាតិថ្ងៃទី៦ខែតុលា ពិតជាពិសេសលើសពីរដូវកាលមុន ដោយមិនត្រឹមតែមានវត្តមានក្រុមកីឡាករក្នុងស្រុកខ្លាំងបំផុតពីរប៉ុណ្ណោះទេ តែថែមទាំងមានវត្តមានតារាចម្រៀងល្បីល្បាញ២រូប គឺ G-Davit និង ទេព បូព្រឹក្ស ព្រមទាំងមានការសម្ដែងរបាំអប្សរាថែមទៀតផង។
ខណៈសំឡេងកញ្ចែកែបាល់គូក្រសួងការពារជាតិនិងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្លឺឡើងនៅម៉ោង៦៖៣០ល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ កម្មវិធីពិសេសដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានឹងចាប់ផ្ដើមចាប់ពីម៉ោង៤រសៀលតទៅ។
នៅថ្ងៃនោះ តារាចម្រៀងដ៏ពេញនិយមក្នុងស្រទាប់យុវវ័យស្នេហាតន្ត្រីនៅកម្ពុជា G-Davit និងកញ្ញា ទេព បូព្រឹក្ស ព្រមទាំង របាំអប្សរាដែលជាមរតកដ៏ថ្លៃថ្លារបស់កម្ពុជានិងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នឹងសម្ដែងជូនប្រិយមិត្តទស្សនា តាំងពីមុនការប្រកួតចាប់ផ្ដើម។ នៅអំឡុងពេលសម្រាកវគ្គទី១ G-Davit និង បូព្រឹក្ស នឹងបន្តសម្ដែងជូនប្រិយមិត្តទស្សនាថែមទៀត។
សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចហ៊ុនសែនរវាង ក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ មាន២ប្រភេទ តម្លៃ៥ពាន់រៀល និង៣ពាន់រៀល។ ក្នុងនោះគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដកទឹកប្រាក់១ពាន់រៀលក្នុងមួយសំបុត្រពីគ្រប់សំបុត្រទាំងអស់ដែលលក់បាន ដើម្បីយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ២០១៨ រវាងក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ម៉ោង៦៖៣០ល្ងាចថ្ងៃសៅរ៍ទី៦ខែតុលា និងផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV៕
- ពត៌មានបាល់ទាត់កម្ពុជា
- BTV វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចហ៊ុនសែន ក្រសួងការពារជាតិ ក្លឹបក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ G-Davit បូព្រឹក្ស របាំអប្សរា
- 463
- 03 Oct 2018 13:54
- 962