

វិសាខា ស្វាគមន៍យុវជនបាទី ៥នាក់ ក្រោយចប់កិច្ចសន្យាជាមួយសហព័ន្ធ
បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសរំសាយកីឡាករ ១៦នាក់ ដែលស្នាក់នៅ រៀនសូត្រ និងហាត់បាល់ទាត់ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្លឹបបាល់ទាត់វិសាខា សូមប្រកាសទទួលស្វាគមន៍យុវជន ៥នាក់ ក្នុងចំណោមយុវជនខាងលើ រួមមានកីឡាករ ផុន តៃនិញ,ឡុង ម៉េងហាវ ,ទូច គឹមឆាយ, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ ។
ទន្ទឹមនឹងការនាំយកយុវជនសាលាបាល់ទាត់ជាតិបាទីខាងលើ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់វិសាខា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះពួកគេ ហើយសង្ឃឹមថា សមាជិកវ័យក្មេងទាំង ៥នាក់ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីពួតដៃជាមួយកីឡាកររាមច្បង ឆ្ពោះទៅសម្រេចផែនការ នារដូវកាលក្រោយៗ ពិសេសគឺការត្រៀមប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup តែម្ដង ។
គួរបញ្ជាក់ថា កីឡាករ ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់ បានរួមរស់ជាមួយសាលាបាល់ទាត់ជាតិបាទីអស់រយៈពេល ៥ឆ្នាំមកហើយ ។ តែក្រោយចប់កិច្ចសន្យាជាមួយមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ សហព័ន្ធបានប្រកាសរំសាយពួកគេ ហើយផ្ដល់ឱកាសឲ្យពួកគេ ជ្រើសរើសក្លឹបខ្លួនស្រលាញ់ពេញចិត្ត ដើម្បីបន្ដអាជីពរៀងៗខ្លួន ៕
- ពត៌មានបាល់ទាត់កម្ពុជា
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លឹបបាល់ទាត់វិសាខា ផុន តៃនិញ ឡុង ម៉េងហាវ ទូច គឹមឆាយ ទៀត គឹមហេង គង់ ពីលត់ ពាន Hun Sen Cup
- 614
- 16 Oct 2018 13:33
- 962