​ក្រុម​ជម្រើស​ជាតិ​ថៃក្រោម​អាយុ​២២​ឆ្នាំបានឈ្នះក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ

 

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា ​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ថៃ ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៥-៣ ​ក្រោយ​លេង​ស្មើ​គ្នា ០-០ ​រយៈពេល​១២០​នាទី​ក្នុង​ពាន​រង្វាន់ AFF U22 Championship ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ត្បិត​តែ​បរាជ័យ​នៅ​វគ្គ​នេះ​មែន ប៉ុន្តែ​ក្រុម U22 ​កម្ពុជា​ទទួល​បាន​ការ​សរសើរ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ក្រោយ​ពី​ឃើញ​លេង​ល្អ ​និង​ប្រឹងប្រែង​អស់​ពី​បេះដូង។ ជាក់​ស្ដែង ​លោក Honda ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​ផ្ដាំ​ផ្ញើ​លើក​ទឹក​ចិត្ត​ដល់​ក្រុម U22 ​នេះ​ដែរ។ លោក​បាន​បញ្ជាក់​ថា​លទ្ធផល​មិន​មែន​ជា​រឿង​សំខាន់​សម្រាប់​ក្រុម​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​លេង​ស៊ី​ចង្វាក់​គ្នា ​និង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ទើប​ជា​រឿង​សំខាន់។

ស្រដៀង​គ្នា​នេះ​ដែរ ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​ក្រុម U22 ​កម្ពុជា ​ក៏​សរសើរ​និង​មាន​មោទនភាព​សម្រាប់​កូន​ក្រុម​របស់​លោក ​ទោះ​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​ប្រជែង​ជើង​ឯក​​នៃ​ព្រឹត្តិការណ៍ 2019 AFF U22 Championship ​ក៏​ដោយ។ ក្រុម​កម្ពុជា​ក៏​មិន​ទាន់​អស់​ការងារ​ត្រូវ​ធ្វើ​ដែរ ​ជាក់​ស្ដែង​ពួកគេ​ក៏​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អ្នក​ជិត​ខាង​វៀតណាម ​ដណ្ដើម​យក​លេខ​៣​នៅ​ថ្ងៃ​ស្អែក​នេះ​ទៀត៕

Comment
0 comment

0 comment

Related articles