

ទោះបីទើបបំបាក់ឡាវ ៣-១ ក៏ដោយ កម្ពុជាមិនអាចទៅវគ្គបន្ត AFF Suzuki Cup 2018
ក្រោយចប់ប្រកួត កម្ពុជាបានដឹងច្បាស់ថាមិនអាចបន្តទៅវគ្គបន្ទាប់ AFF Suzuki Cup 2018 ក្នុងពូល A បើទោះបីទើបតែបំបាក់ក្រុមបាតតារាងឡាវ ៣-១ នៅក្នុងទឹកដីពេលល្ងាចម្សិលមិញនេះ។
ក្រុមគោព្រៃ ឬ អ្នកចម្បាំងអង្គរ អាចរកគ្រាប់បាល់បាននៅនាទីទី ១៨ ដោយការបញ្ជូនបាល់ពី សាត រ៉ូសីប ហើយ ចាន់ វឌ្ឍនាកា បានតែតបញ្ចូលទីនាំមុខឡាវ មិនបានប៉ុន្មាននាទីផងកម្ពុជាក៍ទទួលបានបាល់ពិន័យនៅ ៥ នាទីបន្ទាប់ ហើយ ប្រាក់ មុន្នីឧត្តម ក៏បានស៊ុតបញ្ចូលទីបានសម្រេច ជួយក្រុមរកបានគ្រាប់ទីពីរនាំមុខឡាវ ២-០ ក្រុមឡាវក៏បានប្រឹងវាយបកវិញរហូតរកបានមួយគ្រាប់នៅនាទីទី ៧៦ ដែលរកបានដោយកីឡាករ Somxay Keohanam ១ នាទីបន្ទាប់ កែវ សុខផេង ក៏បានបន្ថែមមួយគ្រាប់ទៀត ចប់ការប្រកួតកម្ពុជាឈ្នះឡាវ ៣-១ ទទួលបាន ៣ ពិន្ទុ។
តើលទ្ធផលថ្ងៃនេះមានន័យយ៉ាងដូចម្តេចសម្រាប់ក្រុមកម្ពុជា ក្នុងពានរង្វាន់ AFF Suzuki Cup 2018?
កាលពីមិនទាន់ប្រកួតម្សិលមិញ កម្ពុជានៅមានសង្ឃឹមសេសសល់បន្តិចបន្តួចព្រោះថាបើ កម្ពុជា ឈ្នះឡាវ ដោយមានគ្រាប់បាល់ច្រើន ហើយ រវាង មីយ៉ាន់ម៉ា និង វៀតណាម មានអ្នកឈ្នះអ្នកចាញ់នោះ កម្ពុជា អាចនៅមានឱកាសស្តួចស្តើងមួយទៀត នោះគឺត្រូវយកឈ្នះក្រុមវៀតណាម ដោយគ្រាប់បាល់ច្រើន ទើបមានឱកាសអ៊ុតរកអ្នកមានគ្រាប់បាល់ចំណេញច្រើនជាងគេ។ តែដោយសារការប្រកួតម្សិលមិញនេះ មីយ៉ាន់ម៉ា និង វៀតណាម ស្មើ មានន័យថាក្រុមទាំងពីរ មាន ម្នាក់ ៧ ពិន្ទុឈរនៅកំពូលតារាង ទៅហើយ ដែលលទ្ធផលរបស់កម្ពុជាលែងមានន័យទៀតហើយ។ បើទោះជាកម្ពុជា អាចយកឈ្នះវៀតណាមក្តី ក៏កម្ពុជាមិនមានឱកាសទៀតដែរ ព្រោះថាបើកម្ពុជាឈ្នះវៀតណាម ហើយ ម៉ាឡេស៊ី បែរជាចាញ់ មីយ៉ាន់ម៉ា នោះមានន័យថា មីយ៉ាន់ម៉ា នឹងដឹកដៃ វៀតណាម ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តែបើ ម៉ាឡេស៊ី បែរជាឈ្នះ មីយ៉ាន់ម៉ាវិញនោះម៉ាឡេស៊ីនឹងឡើងទៅបន្តចំណែកឯវៀតណាមនិងមីយ៉ាន់ម៉ាត្រូវប្រៀបធៀបគ្រាប់បាល់ចំណេញសិន។ និយាយទៅរវាងមីយ៉ាន់ម៉ា វៀតណាម និង ម៉ាឡេស៊ី នៅមិនទាន់អាចនិយាយបានជាប្រាកដថាពីរក្រុមអ្នកណានឹងឡើងទៅវគ្គបន្ទសម្រាប់ពូល A តែកម្ពុជានឹងឡាវគឺចប់ហើយ ដោយឡាវទៅផ្ទះមុន ហើយកម្ពុជានៅមួយប្រកួតបង្គ្រប់កិច្ចទល់នឹងវៀតណាមទៀត។
ទោះជាបែបនេះក្តីលទ្ធផល ម្សិលមិញនេះបានធ្វើឲ្យអ្នកគាំទ្រមានជំនឿចិត្តឡើងវិញចំពោះក្រុមកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda៕ Credit=foxsports.kh
- ពត៌មានបាល់ទាត់កម្ពុជា
- AFF Suzuki Cup 2018 ក្រុមគោព្រៃ អ្នកចម្បាំងអង្គរ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម កែវ សុខផេង Keisuke Honda
- 281
- 21 Nov 2018 11:27
- 962