

ត្បូងឃ្មុំឈ្នះពាន Hun Sen Cup ថ្នាក់ខេត្តដោយកំណត់ត្រាមិនចាញ់សោះ
ក្រុមជម្រើសខេត្តត្បូងឃ្មុំបានក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសខេត្តសៀមរាបដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់លេខ៣បានទៅក្រុមខេត្តរតនគីរី។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមខេត្តសៀមរាប និងខេត្តត្បូងឃ្មុំជួរចិត្តយ៉ាងខ្លាំងនៅវគ្គទី១ដោយក្រុមនីមួយៗសុទ្ធតែមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង។ អ្វីដែលជារឿងមិនល្អសម្រាប់ខេត្តសៀមរាបគឺកីឡាករម្នាក់ទទួលបានកាតក្រហមចេញពីទីលានដែលត្រូវលេង១០នាក់ប៉ុណ្ណោះទល់នឹងខេត្តត្បូងឃ្មុំ១១នាក់។
នៅវគ្គទី២ដោយមានអំណោយផលសមាជិកច្រើនជាង ខេត្តត្បូងឃ្មុំបានទម្លាយសំណាញ់ទីរបស់ខេត្តសៀមរាបបានសម្រេចដើម្បីនាំមុខ ១-០ នៅដើមវគ្គទី២។ បន្ទាប់ពីត្រូវបានដៃគូនាំមុខ ខេត្តសៀមរាបបានព្យាយាមដាក់សម្ពាធខ្លាំង ខណៈខេត្តត្បូងឃ្មុំបានប្រឹងការពារ និងវាយបកវិញប្រកបដោយគ្រោះថ្នាក់។ យ៉ាងណាលទ្ធផល ១-០ រក្សារហូតដល់ចប់ការប្រកួត។
ដូច្នេះក្រុមជើងឯកថ្នាក់ខេត្តបានទៅក្រុមខេត្តត្បូងឃ្មុំ ហើយខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ២។ ចំពោះចំណាត់ថ្នាក់លេខ៣បានទៅក្រុមខេត្តរតនគីរី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមខេត្តកោះកុងដោយលទ្ធផល ៣-១។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀត ត្បូងឃ្មុំរក្សាកំណត់ត្រាដ៏អស្ចារ្យដោយមិនស្គាល់ពាក្យថា បរាជ័យសោះតាំងពីប្រកួតវគ្គសន្សំពិន្ទុ និងជម្រុះតាំងពីដំបូងរហូតក្លាយជាជើងឯកថ្នាក់ខេត្តនេះ។ ៣ក្រុមមកពីខេត្តគឺ ត្បូងឃ្មុំ សៀមរាប និងរតនគីរីបានឡើងទៅជុំផ្តាច់ព្រ័ត្រថ្នាក់ជាតិដែលត្រូវជួបក្រុមអាជីពដែលលេងលីគកំពូលកម្ពុជា៕
ប្រាក់រង្វាន់
-
លេខ១៖ ខេត្តត្បូងឃ្មុំ ទទួលបាន ១៥លានរៀល
-
លេខ២៖ ខេត្តសៀមរាប ទទួលបាន ៧,៥លានរៀល
-
លេខ៣៖ ខេត្តរតនគីរី ទទួលបាន ៥លានរៀល
-
កីឡាករល្អជាងគេ៖ សំអាត រ៉ាវី របស់ខេត្តត្បូងឃ្មុំ ទទួលបានប្រាក់៥០ម៉ឺនរៀល
-
កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ៖ ម៉ាត់ អ៉ីហ្សា របស់ខេត្តកុងកោះ ទទួលបានប្រាក់ ៥០ម៉ឺនរៀល
-
គ្រូបង្វឹកល្អជាងគេ៖ ផល រស្មីពេជ្រ របស់ខេត្តត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល
Credit http://news.sabay.com.kh រូបភាព Hun Sen Cup - ពានរង្វាន់សម្តេច ហ៊ុន សែន
- ពត៌មានបាល់ទាត់កម្ពុជា
- ក្រុមជម្រើសខេត្តត្បូងឃ្មុំ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពាន Hun Sen Cup ក្រុមជម្រើសខេត្តសៀមរាប ខេត្តរតនគីរី
- 970
- 30 May 2019 09:28
- 962