លីគកំពូលកម្ពុជាសប្ដាហ៍ទី ៧ សម្បូររឿងគួរតាមដានច្រើនជាងគេ

 

Metfone Cambodian League 2019 សប្ដាហ៍ទី ៧ បានបញ្ចប់ទៅដោយបន្សល់នៅកំណត់ត្រាប្លែកៗ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ដែលបានកើតឡើងលើវាលស្មៅចំនួន ៧ នៅតាម ៤រាជធានី-ខេត្តផ្សេងគ្នា។

រឿងរ៉ាវពុំធ្លាប់មានក្នុង ៦សប្ដាហ៍កន្លងទៅជាច្រើន បានកើតឡើងក្នុងសប្ដាហ៍ទី ៧ ដែលធ្វើឲ្យការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ កាន់តែទាក់ទាញ។ សូមស្វែងយល់ពី MCL សប្ដាហ៍ទី ៧ដូចតទៅ៖

ស្ថិតិទាត់បញ្ចូលទីខ្ពស់បំផុត

សប្ដាហ៍ទី ៧ជាសប្ដាហ៍ ដែលមានការទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹមរដូវកាល ២០១៩នេះ ពោលមានដល់ទៅ ៣៩គ្រាប់។ ក្នុងនោះកីឡាករខ្មែររកបាល់បញ្ចូលទីបានចំនួន ១៤គ្រាប់ ចំណែកកីឡាករបរទេសបំប៉ោងសំណាញ់បាន ២៥គ្រាប់។

យុវជនបាទីធ្វើឲ្យការពារជាតិបះសក់

ក្រុមសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានបង្ហាញការលេងដ៏អស្ចារ្យរបស់ខ្លួន បើទោះត្រូវរងបរាជ័យ ៤-៣ តែបានធ្វើឲ្យរៀមច្បងក្រសួងការពារជាតិលស់ព្រលឹងមិនតិចទេ។ អ៊ាន ពិសី បើកការនៅមុខឲ្យបាទី មុនពេល Bisan George តាមស្មើមុនចប់វគ្គទី ១ ហើយចូលដល់វគ្គទី ២ Dzarma Bata បានទាត់នៅមុខវិញ តែត្រូវ សៀង ចន្ធា និង ប៊ុនធឿន ប៊ុនណារ៉ុង វាយបកមួយគ្រាប់ម្នាក់ឲ្យបាទីនាំមុខជាថ្មី។ យ៉ាងណាក្ដី Dzarma Bata និង Bisan George នៅតែអាចបំប៉ោងសំណាញ់ទីចុងម៉ោង ជួយឲ្យក្រុមលោក ភា សុភក្ត្រា យកបាន ៣ពិន្ទុក្នុងសប្ដាហ៍ទី ៧។

សូលទីឡូរកបាន ៣ពិន្ទុដំបូង

គ្រាប់បាល់ ១គ្រាប់គត់របស់ខ្សែបម្រើជនជាតិជប៉ុន Fumiya Kogure គ្រប់គ្រាន់និងជួយឲ្យក្លិបបាល់ទាត់មានប្រភពពីខេត្តសៀមរាប សូលទីឡូអង្គរ រកបាន ៣ពិន្ទុដំបូងក្នុងរដូវកាលនេះ ដែលជាការឈ្នះដោយលទ្ធផល ១-០ លើម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ។

Privat តាមស្មើកំណត់ត្រា កែវ សុផេង

ក្រោយខ្សែប្រយុទ្ធវិសាខា កែវ សុខផេង បំបែកកំណត់ត្រារបស់ Dzarma Bata ដោយទាត់ចូល ៧គ្រាប់ក្នុង ១ប្រកួត កាលពីសប្ដាហ៍ទី ៦ ក្នុងសប្ដាហ៍ទី ៧នេះ ខ្សែប្រយុទ្ធកាម៉េរូន Privat Mbarga បានតាមស្មើកំណត់ត្រាមួយនេះ ក្រោយបំប៉ោងសំណាញ់ទី ៧គ្រាប់តែម្នាក់ឯងដូចគ្នា ក្នុងជ័យជម្នះ ១៣-០ លើខេត្តកំពង់ចាម។ គិតមកទល់ពេលនេះ Privat ទាត់បញ្ចូលទីបាន ៩គ្រាប់ហើយ។

ព្រះខ័នរាជបន្តកំណត់ត្រាមិនចាញ់

ជ័យជម្នះលើសលប់ ១៣-០ លើខេត្តកំពង់ចាម បានធ្វើឲ្យព្រះខ័នរាជស្វាយរៀងបន្តភាពមិនស្គាល់ចាញ់របស់ខ្លួន ក្នុងរដូវកាល ២០១៩នេះ។ គិតត្រឹមសប្ដាហ៍ទី ៧ ស្វាយរៀងរកបាន ១៩ពិន្ទុ ទាត់ចូលទីគូប្រកួត ២៥គ្រាប់ របូតត្រឹម ២គ្រាប់ប៉ុណ្ណោះ។

ការកាត់សេចក្ដី

នៅឯកីឡដ្ឋានសៀមរាប អ្នកគាំទ្រអង្គរថាយហ្គឺរបានសម្ដែងក្ដីមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ជួប ពិសាល ដែលបានផ្ដល់កាតលឿងឲ្យទៅ Timothy ក្រោយរងការហក់ឈូសពីក្រោយដោយកីឡាករ ឡុង បូរាណ របស់អាស៊ីអឺរ៉ុប ខណៈអ្នកចាត់ការទូទៅ AEU លោក ម៉ែន ពិសិដ្ឋ ដែលបានទាត់បាល់បំបុក Timothy និងដើរចូលទីលានដើម្បីតវ៉ាជាមួយអាជ្ញាកណ្ដាល បែរពុំទទួលបានការពិន័យអ្វីសោះ។

កំពង់ចាមដូរកីឡដ្ឋាន

កីឡដ្ឋានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ដែលក្លិបបាល់ទាត់ខេត្តកំពង់ចាមតែងយកជាទឹកដី ទទួលក្រុមភ្ញៀវក្នុងការប្រកួត Metfone Cambodian League 2019 ត្រូវបានស្នើដោយក្លិបសាមី មកលេងលើទឹកដីអាស៊ីអឺរ៉ុប កីឡដ្ឋាន AEU Sports Park ជំនួសវិញ ក្រោមហេតុផលទីលានខូចខាតលេងពុំកើត៕ អត្ថបទ https://www.foxsports.com.kh រូបភាព CNCC

 

Comment
0 comment

0 comment

Related articles