សរុបរឿង​រ៉ាវ​ក្រឡាប់​ចាក់សំខាន់ៗនៃលីគកំពូលកម្ពុជាសប្តាហ៍ទី៨​​ ដែល​ប្រិយមិត្ត​គួរ​ដឹង​

 

ថាសប្ដាហ៍ទី ៧ ទៅមានរឿងរ៉ាវទាក់ទាញច្រើន តែលីគកំពូលកម្ពុជាក្នុងសប្ដាហ៍ទី ៨ កាលចុងសប្ដាហ៍កន្លងទៅនេះ បានបន្សល់ចំនុចគួរចាប់អារម្មណ៍ជាច្រើន ដែលប្រិយមិត្តនិយមតាមដានបាល់ទាត់ជាតិ គួរយល់ដឹងលម្អិតនៅក្នុងអត្ថបទនេះ។

ម្ចាស់ផ្ទះមិនចាញ់ទាំងអស់

នេះជាសប្ដាហ៍ដំបូងគេ ដែលក្រុមម្ចាស់ផ្ទះហាក់កាក់កបខ្លាំង ពោលក្នុងចំណោមការប្រកួតទាំង ៧ ពុំមានម្ចាស់ផ្ទះណាចាញ់នោះឡើយ ពោលបានយកឈ្នះភ្ញៀវចំនួន ៦ ប្រកួត និងស្មើ ១ ប្រកួត។ បើមើលទៅលើស្ថិតិទាត់បញ្ចូលទីគ្នាវិញ ក្រុមទាំង ១៤ បានបំប៉ោងសំណាញ់ទីគ្នា ២៦ គ្រាប់ ក្នុងនោះកីឡាករខ្មែរទាត់បាន ៧ គ្រាប់ ហើយ ១៩ គ្រាប់ផ្សេងទៀត ជាស្នាដៃកីឡាករបរទេស។

ភ្នំពេញក្រោនបរាជ័យនៅទឹកដីអង្គរ

សូលទីឡូអង្គរបានបង្អាក់ដំណើរ៣ពិន្ទុរបស់ក្រោននៅសប្តាហ៍ទី៨នៅលើទឹកដីខេត្តសៀមរាប។ អតីតសមាជិកព្រះខ័នរាជស្វាយរៀង លី សារ័ត្ន ជាអ្នករកគ្រាប់បាល់អោយម្ចាស់ផ្ទះ និងជាគ្រាប់ជ័យជំនះលើកទី២នៅក្នុងរដូវកាលនេះផងដែរ។

ស្វាយរៀងមិនទាន់ឈ្នះបឹងកេត

គិតចាប់ពីឆ្នាំ ២០១៥ មក ព្រះខ័នរាជពុំទាន់អាចយក ៣ ពិន្ទុពីបឹងកេតបានឡើយ គិតទាំងការជួបគ្នាក្នុងលទ្ធផលស្មើ ២-២ កាលថ្ងៃអាទិត្យ Private Mbarga និង William Machell រកបានម្នាក់១គ្រាប់អោយស្វាយរៀង រីឯ Dudu និងខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក៏ចែកគ្នាម្នាក់១គ្រាប់អោយបឹងកេតផងដែរ៕ ៩ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ ក្នុងក្របខណ្ឌលីគកំពូល បឹងកេតឈ្នះ ៦ លើក ស្មើគ្នា ៣ លើក មិនដែលចាញ់សោះ។ លទ្ធផលស្មើនេះធ្វើឲ្យស្វាយរៀងធ្លាក់ទៅចំណាត់ថ្នាក់លេង ២។

បូរ៉ាវី រកបានគ្រាប់បាល់រាល់ពេលប្ដូរចូល
ក្នុងឱកាសប្ដូរចូលជាលើកទី ៣ គិតត្រឹមការប្រកួតទល់ស្វាយរៀង កាលថ្ងៃអាទិត្យនេះ ខ្លាចាស់ ឃួន ឡាបូរ៉ាវី រកបានគ្រាប់បាល់ទី ៣ ខ្លួន ក្នុងនាមជាកីឡាករបម្រុង។ គ្រាប់បាល់ទី ១ កើតឡើងពេលលេងទល់ខេត្តកំពង់ចាម ខណៈគ្រាប់បាល់ទី ២ គេបានបំប៉ោងសំណាញ់វិសាខា ចំណែកគ្រាប់បាល់ទី ៣ ជាគុណបំណាច់ដ៏ធំសម្រាប់ក្លិប ក្នុងការតាមស្មើស្វាយរៀង ក៏ដូចជាបន្ថយគម្លាតពិន្ទុ ដើម្បីបន្តក្ដីរំពឹងឈានទៅគ្រងជើងឯក។

ណាហ្គាបញ្ចប់កំណត់ត្រាថាយហ្គឺរ

កំណត់ត្រា ១៦ ប្រកួតមិនចាញ់សោះ គិតចាប់ពីពាក់កណ្ដាលរដូវកាល ២០១៨ មក របស់អង្គរថាយហ្គឺរត្រូវបានបញ្ចប់នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្រោមថ្វីជើងក្រុមការពារជើងឯកណាហ្គាវើលដ៍ ដោយ សុះ ស៊ូហាណា រកបាន២គ្រាប់ ខណៈសមាជិកថ្មី Athuheire Kipson និង Esho Omogba របស់ណាហ្គារដូវកាលនេះរកបានម្នាក់មួយគ្រាប់។។ យ៉ាងណាក្ដី គ្រូបង្វឹក Oriol Mohedano បានចាត់ទុកថា វាជារឿងធម្មតាក្នុងបាល់ទាត់ ហើយលោកប្ដេជ្ញាបង្កើតកំណត់ត្រាអស្ចារ្យថ្មីៗទៀត ជាមួយកីឡាករទាំងអស់។ ជ័យជម្នះលើថាយហ្គឺរបានជួយឲ្យណាហ្គាឡើងទៅកាន់កំពូលតារាងចំណាត់ថ្នាក់ជំនួសស្វាយរៀង។

ផ្លាស់ប្ដូរទីលានភ្លាមៗ
ព្រះភិរុណដ៏ធំមួយមេនៅទីរួមខេត្តតាកែវ បានជន់ពន្លិចវាលស្មៅទីលានបាល់ទាត់សាលាគរុកោសល្យភូមិភាគខេត្តតាកែវ ដែលបានរុញច្រានឲ្យការប្រកួតរវាងម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ និងក្រសួងការពារជាតិ ត្រូវប្ដូរទៅទីលានសាលាបាល់ទាត់ជាតិបាទី ហើយពន្យារទៅប្រកួតនៅម៉ោង ៧ យប់វិញ។ ក្រុមសមាជិកថ្មីលីគកំពូលគិរីវង់សុខសែនជ័យបំបាក់ជើងខ្លាំងក្រសួងការពារជាតិដោយលទ្ធផលស្មានពុំដល់បានកើតឡើង ធ្វើអោយក្រុមលោក ភា សុភក្ត្រា ត្រូវចាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះ ដោយគ្រាប់បាល់ ៤-១៕

Credit https://www.foxsports.com.kh

 

 

Comment
0 comment

0 comment

Related articles