សូលទីឡូ និង​វិសាខា​ វាយ​បក​យក​ឈ្នះ​គូ​ប្រកួត​ ខណៈ​ ដាវ នីម​ និង​ ហ៊ួរ​ ប៊ុនឡុង​ បង្កើត​កំណត់ត្រារៀងខ្លួន

 

Metfone Cambodian League 2019 សប្ដាហ៍​ទី​ ១២​ មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ ដែល​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ទាំង​ ១៤​ក្នុង​លីគ​កំពូល​ ហើយ​គេ​មើល​ឃើញ​ថា​ ជំនួប​សូលទីឡូ​ និង​បឹងកេត​ ក៏​ដូចជា​ណាហ្គាវើលដ៍​ និង​វិសាខា​ សុទ្ធ​តែ​បង្ហាញ​នូវ​ការ​ប្រយុទ្ធ​ និង​វាយ​បក​គួរ​ឲ្យ​ទស្សនា​ពុំ​ហ៊ាន​ព្រិច​ភ្នែក។​

ខាង​ក្រោម​នេះ​ ជា​ការ​ប្រមូល​ផ្ដុំ​ព័ត៌មាន​ និង​កំណត់ត្រា​ផ្សេង​ៗ​នៅ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​ ១២​ ដែល​អ្នក​និយមតានដាន​កីឡា​បាល់ទាត់​ជាតិ​មួយ​ចំនួន​ ពុំបាន​ចាប់​អារម្មណ៍​ និង​ស្វែងយល់​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ។

សូលទីឡូវាយបកយកឈ្នះបឹងកេត 

រឿងក្រលាប់ចាក់បានកើតឡើង ក្នុងជំនួបរវាងសូលទីឡូ និងបឹងកេត នៅកីឡដ្ឋានខេត្តសៀមរាប។ ត្រូវបឹងកេតនាំមុខ ៣-១ តាំងពីវគ្គទី ១ ម្ចាស់ផ្ទះសូលទីឡូព្យាយាមយ៉ាងខ្លាំងរហូតរកបានស្មើនៅនាទី ៦២ មុនបឹងកេតនាំមុខជាថ្មីនៅនាទី ៧៧ ហើយ ២នាទីបន្ទាប់សូលទីឡូតាមស្មើម្ដងទៀត មុនរកបានគ្រាប់ជ័យជម្នះនៅនាទី ៨៩។

 

វិសាខាវាយបកយកឈ្នះណាហ្គា

មិនសូវខុសពីសូលទីឡូប៉ុន្មាន វិសាខា ដែលត្រូវណាហ្គាវើលដ៍នាំមុខ ២-០ នៅនាទី ៥៥ បានព្យាយាមវាយបកយ៉ាងខ្លាំង ហើយចុងក្រោយពួកគេប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ ក្នុងការរកគ្រាប់បាល់ ៣គ្រាប់ ដើម្បីយកឈ្នះណាហ្គា។ កែវ សុខផេង សារី ម៉ាត់ណូរ៉ូទីន និង Park Song Chul ជារកបានគ្រាប់បាល់ឲ្យវិសាខា។

 

ដាវ នីម ធ្វើបាន Double Hat-trick

ជំនួបទល់ក្រុមបាតតារាងកំពង់ចាម លោក Ekaphop Putisai គ្រូបង្វឹកគីរីវង់បានប្រើប្រាស់កីឡាករបរទេសតែ ១រូបគត់ ដើម្បីទុកឱកាសឲ្យកីឡាករខ្មែរបញ្ចេញសមត្ថភាព។ ខ្សែប្រយុទ្ធកម្ពុជាក្រោម ដាវ នីម បានប្រើបច្ចេកទេស និងល្បឿនដ៏អស្ចារ្យរបស់គេ បំប៉ោងសំណាញ់ទីបាន ៦គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ១២-០ លើកំពង់ចាម។

 

ស្វាយរៀងនៅតែឈ្នះ

ដូចសប្ដាហ៍មុនៗដែរ ក្រុមលោក Conor Nester នៅតែបន្តភាពខ្លាំង និងកំណត់ត្រាមិនចាញ់របស់ខ្លួន ដោយបានយកឈ្នះអាស៊ីអឺរ៉ុប ២-០ សម្រាប់សប្ដាហ៍ទី ១២នេះ។ ជ័យជម្នះកាលថ្ងៃសៅរ៍ ជួយឲ្យស្វាយរៀងបន្តឈរកំពូលតារាង ស្របនិងបរាជ័យរបស់ណាហ្គាក្រោមថ្វីជើងវិសាខាផងនោះ ធ្វើឲ្យស្វាយរៀងមានគម្លាត ៥ពិន្ទុពីណាហ្គា។

 

ថាយហ្គឺរស្គាល់បរាជ័យលើកទី ២

បរាជ័យប្រផុតប្រផើយក្រោមថ្វីជើងម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ធ្វើឲ្យថាយហ្គឺរស្គាល់បរាជ័យជាលើកទី ២ក្នុងរដូវកាលនេះ បន្ទាប់ពីចាញ់ណាហ្គានៅស្តាតចាស់នាពេលកន្លងមក។ ការលេងរបស់ក្រុមទាំង ២ពុំលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែតំបន់ប្រយុទ្ធថាយហ្គឺរហាក់ពុំមុតស្រួចដូចរាល់ដង ពិសេសឱកាសច្បាស់ៗរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ Ramos Alexis តែធ្វើពុំបាន។

 

ហ៊ួរ ប៊ុនឡុង ទាត់បញ្ចូលទីក្នុងប្រកួតដំបូង

ក្រោយការបង្កើតកំណត់ត្រាទាត់បញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូង របស់កីឡាករវ័យក្មេងក្រោន លឹម ពិសុទ្ធ កាលសប្ដាហ៍ទី ១១ នាសប្ដាហ៍ទី ១២នេះ យុវជនវ័យ ១៩ឆ្នាំ ០៧ខែ ០៩ថ្ងៃ របស់ក្រសួងការពារជាតិ ហ៊ួរ ប៊ុនឡុង បានទាត់បញ្ចូលទីអគ្គិសនីកម្ពុជា នាប្រកួតកម្រិតអាជីពលើកដំបូងរបស់ខ្លួន ជួយឲ្យការពារជាតិឈ្នះ ៣-០។

Credit=foxsports.com.kh

Comment
0 comment

0 comment

Related articles