

ជម្រើសជាតិថៃនឹងបានរង្វាន់ជិត១លានដុល្លារបើឈ្នះជើងឯក Suzuki Cup 2018
សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថាក្រុមបាល់ទាត់ជម្រើសជាតិថៃនឹងទទួលបានប្រាក់រង្វាន់សរុបដល់ទៅជិត១លានដុល្លារ (ជិត៣០លានបាត) ប្រសិនពួកគេឈ្នះជើងឯក AFF Suzuki Cup ជាលើកទី៣ជាប់គ្នា។
ប្រាក់រង្វាន់ពី AFF គឺជើងឯក Suzuki Cup ឆ្នាំ២០១៨នេះនឹងទទួលបាន៣០០,០០០ដុល្លារ ខណៈជើងឯករងទទួលបាន១០០,០០០ដុល្លារ ឯក្រុមលេខ៣ស្ទួននឹងទទួលបានមួយក្រុម៥០,០០០ដុល្លារ។
ក្រុមបាល់ទាត់ថៃដែលជាក្រុមការពារជើងឯកនិងជាក្រុមជោគជ័យបំផុតក្នុងពានអាស៊ីអាគ្នេយ៍នេះទទួលបានរង្វាន់១២១,៦៧០ដុល្លារ (៤លានបាត) រួចទៅហើយពីថ្នាក់ដឹកនាំក្រុម Kitisak Jumpathippong សម្រាប់ការឆ្លងផុតពូល ហើយឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ ប្រសិនថៃលើកពានជាលើកទី៦ ពួកគេនឹងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមពីលោក Kitisak Jumpathippong ចំនួន ៣០៣,៩៧១ដុល្លារ (១០លានបាត)ផ្សេងទៀត។ ហើយសហព័ន្ធកីឡាបាល់ទាត់ថៃសង្ឃឹមថានឹងរៃអង្គាសបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម១៥១,០៩១ដុល្លារ (៥លានបាត)ថែមពីលើទៀត។
សូមបញ្ជាក់ថា ថ្វីបើតារាល្បីៗមួយចំនួនដែលលេងនៅលីគកំពូលជប៉ុននិងនៅបែលហ្ស៊ិកមិនបានមកចូលរួម ថៃដែលបង្វឹកដោយគ្រូជនជាតិស៊ែប Milovan Rajevac បានយកឈ្នះ ទីម័រខាតកើត ៧-០, ឈ្នះ ឥណ្ឌូណេស៊ី ៤-២, ស្មើ ហ្វ៊ីលីពីន ១-១ និងឈ្នះ សិង្ហបុរី ៣-០ ដើម្បីឈរលេខ១ពូល B។
ពួកគេនឹងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ទល់នឹងម៉ាឡេស៊ីនៅកួឡាឡាំពួរ ថ្ងៃទី១ខែធ្នូឆ្នាំ២០១៨ ខណៈសំបុត្រ៨ម៉ឺនសន្លឹកត្រូវបានលក់ដាច់អស់ហើយ។ ប្រកួតជើងទី២នឹងធ្វើនៅបាងកកនៅថ្ងៃទី៥ខែធ្នូ។ ដោយឡែក មួយគូទៀត ហ្វ៊ីលីពីន ទទួល វៀតណាម ថ្ងៃទី២ខែធ្នូ មុនទៅប្រកួតនៅហាណូយថ្ងៃទី៦ខែដដែល។ រីឯវគ្គផ្ដាច់ព្រ័ត្រ ជើងទី១នឹងធ្វើនៅថ្ងៃទី១១ខែធ្នូ និងជើងទី២ធ្វើនៅថ្ងៃទី១៥ខែធ្នូ៕ប្រភព ៖ Bangkok Post
- ពត៌មានបាល់ទាត់ ផ្សេងៗ
- ក្រុមបាល់ទាត់ជម្រើសជាតិថៃ AFF Suzuki Cup 2018 Kitisak Jumpathippong Milovan Rajevac
- 874
- 01 Dec 2018 10:45
- 962