ជំនួប ព័រទុយហ្គាល់ vs ហូឡង់៖ ប្រៀបដូច C.Ronaldo វិលទៅជួប Ajax ជាថ្មី

 

ការប្រកួត UEFA Nations League វគ្គផ្តាច់ព្រ័ត្រ ក្នុង League A បានឈានចូលមកដល់ហើយ នៅវេលាម៉ោង ១និង៤៥ព្រឹក ថ្ងៃទី ១០ខែមិថុនា ឆ្នាំ ២០១៩ (គិតម៉ោងក្នុងប្រទេសកម្ពុជា)។ ព័រទុយហ្កាល់ ត្រូវប្រកួតជាមួយ ហូឡង់ ក្នុងកីឡដ្ឋាន Estádio Do Dragão នៃទីក្រុង Porto ប្រទេសព័រទុហ្កាល់។

ព័រទុយហ្កាល់ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានយកឈ្នះលើស្វីស ដោយលទ្ធផល ៣ទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីពាក់កណ្តាលសប្តាហ៍នេះ។ ចំណែក ហូឡង់ បានឈ្នះអង់គ្លេស ដោយលទ្ធផល ៣ទល់នឹង១ ដូចគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ងាកមកនិយាយពីកីឡាករវិញ គឺ Cristiano Ronaldo នៅតែក្លាយជាតួអង្គលេចធ្លោ សម្រាប់ការប្រកួតជម្រើសជាតិបែបនេះ ព្រោះថាកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺបានស៊ុត hat-trick ៣គ្រាប់តែឯង។ ចំណែកខាងហូឡង់វិញ តួឯករបស់គេ នៅតែជាកីឡាករខ្សែការពារ ដូចជា Matthijs de Ligt និង Virgil van Dijk ជាដើម។ កីឡាករដែលលេងក្នុងក្រុមជម្រើសជាតិទាំង ២ គឺសុទ្ធតែមានកីឡាករដែលមានភាពលេចធ្លោខ្លាំង ក្នុងក្របខណ្ឌបាល់ទាត់នៅអឺរុប តាមរយៈការបញ្ចេញសមត្ថភាពក្នុងការប្រកួត UEFA Champions League កាលពីពេលកន្លងមក។

Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ ដែលបានផ្លាស់ប្តូរក្លឹបពី Real Madrid ទៅកាន់ Juventus ក្នុងរដូវកាលនេះ ពុំអាចជួយសេះបង្កង់ឲ្យជោគជ័យ នៅ Champions League នោះទេ ពោលគឺដោយសារតែថ្វីជើងរបស់ក្រុមយុវជន Ajax។ Ajax ដែលមានកីឡាករប៉ុន្មាន ក៏លេងក្នុងក្រុមជម្រើសជាតិហូឡង់ ដូចជា Matthijs de Ligt និង Frenkie de Jong ជាដើម។ កីឡាករ ២នាក់នេះហើយ ដែលធ្វើឲ្យ Juventus ពិបាកឡើងទៅវគ្គបន្ត Champions League។ ហើយហូឡង់ ក៏មានខ្សែការពារមាឌយក្សដែលកំពុងមានឈ្មោះល្បីល្បាញម្នាក់ទៀត គឺ Virgil van Dijk ដែលធ្លាប់ជួបប្រកួតជាមួយ C.Ronaldo តែម្តងគត់ កាលពីឆ្នាំមុន ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៨ ពេល Liverpool ប្រកួតជាមួយ Real Madrid។

សម្រាប់ Ronaldo គាត់បានអះអាងក្នុងពេលហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្កាល់ថា គាត់ពិតជាបានឭពីវិសាលភាពរបស់ Van Dijk ដែលគ្មានខ្សែប្រយុទ្ធណាគេចផុតពីគាត់បាន។ ប៉ុន្តែសម្រាប់ Ronaldo គាត់អះអាងថា គាត់មានបច្ចេកទេសក្នុងការញាក់បាល់ឲ្យផុតពី Van Dijk រួចទៅហើយ។

បើក្រឡេកមើលប្រវត្តិជួបគ្នារវាងព័រទុយហ្កាល់ និងហូឡង់ គឺប្រហាក់ប្រហែលគ្នា ដោយគិតតាំងពីឆ្នាំ ២០០៦មក ៤ប្រកួត គឺព័រទុយហ្កាល់ ឈ្នះ ២ ស្មើ១ និងហូឡង់ឈ្នះ ១ដង នាពេលប្រកួតមិត្តភាពឆ្នាំ ២០១៨ គឺឈ្នះក្នុងលទ្ធផល ៣ទល់នឹង០។

Comment
0 comment

0 comment

Related articles