

ឈ្នះ Fulham យប់មិញជាជ័យជម្នះធំបំផុតរបស់ Man Utd ប្រចាំរដូវកាលនេះ
Manchester United រកបានជ័យជម្នះធំបំផុតប្រចាំរដូវកាល២០១៨-១៩ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីលត់ Fulham ៤-១ នៅ Old Trafford យប់ថ្ងៃសៅរ៍ទី៨ខែធ្នូ។
ជ័យជម្នះយប់មិញនេះក៏ជាការឈ្នះលើកដំបូងរបស់ក្រុមលោក Jose Mourinho ក្នុងលីគ៥ប្រកួតចុងក្រោយ ហើយឡើងទៅឈរលេខរៀងទី៦ ខណៈ Fulham ពេលនេះរបូត៤០គ្រាប់ក្នុង១៦ប្រកួត និងនៅទ្រាប់បាតតារាង។
លោក Claudio Ranieri អ្នកចាត់ការ Fulham បានពណ៌នាការលេងរបស់កូនក្រុមលោកក្នុងវគ្គទី១យប់មិញថាជាការប្រកួតរវាងកូនចៀម១១ក្បាលទល់នឹងចចក១១ក្បាល។
ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខក្នុងនាទី១៣ ដោយ Ashley Young ដែលស៊ុតកោងពីក្នុងប្រអប់ផុតដៃអ្នកចាំទីចូលបង្គោលទី២ នោះជាគ្រាប់បាល់ទី១របស់គេតាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក។ បន្ទាប់មក Marcus Rashford បញ្ជូនបាល់ឱ្យ Juan Mata ស៊ុតគ្រាប់ទី២ក្នុងនាទី២៨ មុន Mata បញ្ជូនបាល់ឱ្យ Romelu Lukaku ស៊ុតគ្រាប់ទី៣ក្នុងនាទី៤២។
នៅវគ្គទី២ Fulham សង១គ្រាប់វិញដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៦៧ តែនៅនាទី៨២ Rashford ស៊ុត១គ្រាប់ទៀតឱ្យ Man Utd បន្ទាប់ពី Aboubakar Zambo Anguissa រងពិន័យកាតលឿងលើកទី២ក្នុងនាទី៦៨។
យប់មិញនេះ Paul Pogba បន្តអង្គុយកៅអីបម្រុងដូចដែលគេបានធ្វើទល់នឹង Arsenal ខណៈលោក Mourinho បន្តផ្ដល់ទំនុកចិត្តដល់ខ្សែការពារស្លាបស្ដាំវ័យ១៩ឆ្នាំ Diogo Dalot ក្នុងជម្រើស១១នាក់ដំបូង។
គួរដឹងដែរថាពេលនេះ Mata ក្លាយជាកីឡាករអេស្ប៉ាញទី៣បន្ទាប់ពី Cesc Fabregas និង David Silva ដែលស៊ុតចូលលើស៥០គ្រាប់និង assist លើស៥០គ្រាប់ក្នុងក្របខ័ណ្ឌ Premier League៕ ប្រភព៖ BBC
- ពត៌មានបាល់ទាត់ Premier League
- manchester united Fulham English Premier League Claudio Ranieri
- 1366
- 09 Dec 2018 13:35
- 962