

តារាឆ្នើម Hazard ជួយឲ្យ Chelsea ទម្លាក់ Liverpool ចេញពី League Cup
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Eden Hazard បានជួយឲ្យក្រុម Chelsea បំពេញការវាយបកដ៏រំភើបមួយក្នុងពេលពួកគេបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Liverpool ស្របពេលដែលក្រុម Tottenham បានសង្គ្រោះការស៊ុតបាល់ប៉េណាល់កាត់សេចក្តី ដើម្បីផ្តួលក្រុម Watford ក្នុងការប្រកួតពាន League Cup ជុំទី៣ កាលពីថ្ងៃពុធ។
ក្រុម Arsenal បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយតាមរយៈការកត់ត្រាជ័យជម្នះ ៣-១ លើក្រុម Brentford របស់ក្របខ័ណ្ឌ Championship ស្របពេលដែលក្រុម West Ham បានលត់ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Macclesfield យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ ដែលជាជ័យជម្នះដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៣៥ឆ្នាំ។ ប៉ុន្តែ រឿងដ៏រំភើបនាកីឡដ្ឋាន Anfield បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាងគេ ខណៈដែល Chelsea បានក្លាយជាក្រុមដំបូងគេក្នុងការបញ្ចប់ការឈ្នះជាប់ៗគ្នារបស់ក្រុម Liverpool នៅរដូវកាលនេះ។
ក្រុមរបស់លោក Jurgen Klopp ដណ្តើមបានជ័យជម្នះ៧លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ហើយក្រុមកំពុងនាំមុខរបស់ក្របខ័ណ្ឌ Premier League មួយនេះ ហាក់បានស្ថិតលើផ្លូវឆ្ពោះទៅកាន់ជ័យជម្នះជាលើកទី៨ទៅហើយ នៅពេលដែលគ្រាប់បាល់បញ្ចូលទីដ៏ល្អរបស់ខ្សែប្រយុទ្ធ Daniel Sturridge បានជួយឲ្យពួកគេនាំមុខមុន ក្នុងតង់ទី២។ ប៉ុន្តែ កីឡាករ Emerson Palmieri បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ Chelsea នៅមុនពេលតារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Hazard បានបណ្តើរបាល់ទម្លុះតំបន់ការពាររបស់ក្រុម Liverpool ដើម្បីរកគ្រាប់បាល់ឈ្នះ នៅរយៈពេល ៥នាទីចុងក្រោយ។ ទាក់ទងនឹង Hazard លោក Gianfranco Zola គ្រូបង្វឹកជំនួយរបស់ Chelsea បានប្រាប់ថា៖ «វាជាគ្រាប់បាល់ដ៏អស្ចារ្យ១។ វាមិនត្រឹមតែជាគ្រាប់បាល់ល្អ ប៉ុន្តែ រូបគេក៏រកបានក្នុងពេលដ៏សំខាន់ផងដែរ»៕
- ពត៌មានបាល់ទាត់ Premier League
- Premier League Cambosports24 Carabao Cup Eden Hazard chelsea
- 748
- 27 Sep 2018 11:11
- 962