

Dani Alves សម្រេចចាកចេញពី PSG ទាំងមិនទាន់រកឃើញក្លិបថ្មីបាន
ខ្សែបម្រើការពារប្រេស៊ីល Dani Alves បានប្រកាសចាកចេញពីក្លឹប Paris Saint-Germain នៅថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០១៩ម្សិលមិញ។ ការប្រកាសចាកចេញ ដែលធ្វើឡើងក្នុងបណ្តាញសង្គមរបស់កីឡាករវ័យ ៣៦ឆ្នាំនេះ បន្ទាប់ពីចំណាយពេល ២ឆ្នាំ ក្នុងប្រទេសបារាំង។
តាមរយៈបណ្តាញសង្គមរបស់ខ្លួន Alves បាននិយាយថា៖
«ថ្ងៃនេះ ខ្ញុំសូមបិទទំព័រនៃវដ្តជីវិតមួយទៀត គឺជាវដ្តនៃភាពជោគជ័យ ការរៀនសូត្រ និងបទពិសោធន៍។ ខ្ញុំចង់អរគុណដល់គ្រួសារ PSG ដែលបានផ្តល់ឱកាសដើម្បីរួមគ្នា កសាងនូវទំព័រប្រវត្តិសាស្ត្រ។ ខ្ញុំចង់អរគុណដល់គ្រប់គ្នា និងគ្រប់យ៉ាង ដល់បុគ្គលិកទាំងអស់ ដែលបានផ្តល់កម្លាំងចិត្ត សម្រាប់បទបង្ហាញល្អៗតាំងពីថ្ងៃដំបូង … អ្នកទាំងអស់គ្នា បានធ្វើឲ្យក្លឹបមួយនេះកាន់តែពិសេស។ វាមានរយៈពេល ២ឆ្នាំមកហើយសម្រាប់បេសកកម្មរបស់ខ្ញុំ ប៉ុន្តែក្នុងជីវិត អ្វីក៏ដោយត្រូវតែមានការចាប់ផ្តើម ចំនុចកណ្តាល និងបញ្ចប់ ហើយថ្ងៃនេះ គឺជាពេលបញ្ចប់របស់ខ្ញុំនៅទីនេះ។ ខ្ញុំសុំទោសចំពោះបញ្ហាខ្លះ ដែលខ្ញុំមិនបានធ្វើឲ្យល្អ ធ្វើឲ្យមានបរាជ័យ ប៉ុន្តែខ្ញុំ ចង់ប្រាប់ថា ខ្ញុំគ្រាន់តែចង់ធ្វើឲ្យបានល្អបំផុត» …។
យ៉ាងណាក៏ដោយ Alves ដែលកំពុងតែបំពេញបេសកកម្មក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ព្រឹត្តិការណ៍ Copa America មិនបានបង្ហើបពីគម្រោងអនាគត ថាគាត់នឹងផ្ទេរទៅលេងនៅក្លឹបណាមួយនៅឡើយទេ។
សូមបញ្ជាក់ថា Alves បានផ្ទេរពីក្លឹប Juventus មក PSG កាលពីឆ្នាំ ២០១៧ ដោយបង្ហាញខ្លួនក្នុងក្រុមជើងឯក Ligue1 នេះ បាន ៤៨ដង និងធ្លាប់រកគ្រាប់បាល់បាន ២គ្រាប់ដែរ។ Alves គឺជាកីឡាករដែលមានបទពិសោធន៍ម្នាក់ ដោយធ្លាប់ឆ្លងកាត់អាជីពដ៏ជោគជ័យនៅអេស្ប៉ាញ ជាមួយនឹង Sevilla រយៈពេល ៦ឆ្នាំ និងជាមួយ Barcelona រយៈពេល ៨ឆ្នាំ មុននឹងត្រូវផ្លាស់ដោយគ្មានតម្លៃផ្ទេរទៅកាន់ Juventus កាលពីឆ្នាំ ២០១៦ រយៈពេលតែមួយឆ្នាំ ហើយក៏ត្រូវប្តូរមកកាន់ប្រទេសបារាំង ដល់សព្វថ្ងៃ៕
Credit=https://www.foxsports.com.kh
- ពត៌មានបាល់ទាត់ Ligue 1
- Dani Alves Paris Saint-Germain ខ្សែបម្រើការពារប្រេស៊ីល Copa America Copa América 2019 FC Barcelona
- 1180
- 24 Jun 2019 10:23
- 962