មិនគួរឲ្យជឿ! Liverpool ត្រលប់មកទម្លាក់ Barcelona ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាថ្មី

 

Liverpool បានកក់កៅអីមួយហើយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០១៨/២០១៩ បន្ទាប់ពីបានត្រលប់មកទម្លាក់ Barcelona ក្នុងទឹកដី Anfield ដោយលទ្ធផល ៤ទល់នឹង០ និងគិតសរុបគ្រាប់បាល់ទាំង ២ជើង (aggregate គឺ ៤ទល់នឹង៣)។ នេះគឺជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ក្រុមហង្សក្រហម ដែលស្ទើរនឹកស្មានមិនដល់ ព្រោះថាជើងទី ១ Barcelona មាន ៣គ្រាប់ចំណេញទៅហើយ!

សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើទឹកដី Anfield ក្រោយក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកការវាយសម្រុក និងសម្រេចបាន ១គ្រាប់មុន ធ្វើបានដោយ Divock Origi តាំងពីនាទីទី ៧។ បន្ទាប់មក នៅតង់ទី ២ ក្រុមម្ចាស់ផ្ទះ នៅតែបន្តមានទឹកចិត្តលេងយ៉ាងមុះមុត ដោយនៅនាទីទី ៥៤ Georginio Wijnaldum បន្ថែម ១គ្រាប់ទៀត ក្រោយពីទទួលបានការបញ្ចូនបាល់ពីខ្សែការពារវ័យក្មេង Trent Alexander-Arnold។ ហើយក្រោយតែ ២នាទី Wijnaldum ដដែល ក៏ថែម ១គ្រាប់ទៀត បន្ទាប់ពីទទួលឱកាសពី Xherdan Shaquiri។

Liverpool មិនបានថមថយកម្លាំងប្រយុទ្ធនោះទេ នៅនាទីទី ៧៩ Divock Origi មានឱកាសថែម ១គ្រាប់ទៀត ក្រោយការបញ្ចូនបាល់ជ្រុងពី Trent Alexander-Arnold ដែលធ្វើឲ្យលទ្ធផល ៤ទល់នឹង០ បន្តដល់ចប់ការប្រកួត។ វីរៈបុរសសម្រាប់ Liverpool នៅយប់នេះ គឺប្រាកដជា Georginio Wijnaldum, Divock Origi និង Trent Alexander Arnold ព្រោះពួកគេសុទ្ធតែជាអ្នកអាចសង្គ្រោះ Liverpool ពីការនាំមុខយ៉ាងសម្បើមរបស់ Barcelona កាលពីជើងទី ១។ សូមបញ្ជាក់ដែរថា ការប្រកួតនៅយប់មិញនេះ Liverpool ត្រូវអវត្តមានខ្សែប្រយុទ្ធសំខាន់ៗ ២នាក់ គឺ Mohamed Salah និង Roberto Firmino ហើយ​លោក Jurgen Klopp បាន​ដាក់ខ្សែប្រយុទ្ធជម្រើសទី ២ គឺ Xherdan Shaqiri និង Divock Origo ជំនួសអ្នក​ទាំង ២។

នេះគឺជាឆ្នាំទី ២ជាប់គ្នា ដែល Liverpool បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីកាលពីរដូវកាលមុន Liverpool ត្រូវបានបំបាក់ដោយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ លើទឹកដីនៃប្រទេសអ៊ុយក្រែន។ នៅឆ្នាំនេះវិញ Liverpool ត្រូវរងចាំមើលគូប្រកួតម្ខាងទៀត ដែលអាចជា Ajax មកពីក្របខណ្ឌ Eredivisie របស់ហូឡង់ ឬ Tottenham Hotspur មកពី Premier League របស់អង់គ្លេស ដូច Liverpool ដែរ។

ជាការកត់សម្គាល់ នេះជាបរាជ័យ​ច្រំដែលជាប់ៗគ្នា របស់ Barcelona ដែលយក​ឈ្នះគេនៅជើងទី ១ មុន​ហើយ ប៉ុន្តែបែរជាបរាជ័យ​នៅជើងទី២។​ កាលពី Champions League ឆ្នាំមុន Barcelona បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជើងទី ១ បាន​យក​ឈ្នះ Roma ក្នុងទឹកដីដោយលទ្ធផល ៤ទល់នឹង១ហើយ ប៉ុន្តែជើងទី ២ Roma ស្រាប់តែវាយបក ៣ទល់នឹង០វិញ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយ Liverpool។ ជាការកត់សម្គាល់ដែរ ខណៈប្រទេសអេស្ប៉ាញ ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូង ស្រាប់តែគ្មានក្រុមមកពីក្របខណ្ឌ La Liga បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ធំបំផុតនៅអឺរុបនេះទេ។  foxsports.com.kh

Comment
0 comment

0 comment

Related articles