

Juventus ចាញ់ប្រកួតចុងក្រោយ ខណៈ United ចាញ់ Valencia លើកដំបូងនៅ Champions League
Juventus បានប្រកួតបិទពូលH ទាំងជូរចត់បន្ទាប់ពីចាញ់ក្រុមបាតតារាង Young Boys ដោយលទ្ធផល ១ទល់នឹង២កាលពីយប់មិញ។
ក្រុមរហស្សនាមថាសេះបង្កង់បានផ្លាស់ប្ដូរជម្រើសដំបូងមួយចំនួនចេញប៉ុន្តែខ្សែប្រយុទ្ធសំខាន់ដូចជា Mario Mandžukić និង Ronaldo នៅតែមានឈ្មោះក្នុងបញ្ជី១១នាក់របស់លោក Allegri។ ជំនួបនៅកីឡដ្ឋាន Suisse Wankdorf ម្ចាស់ផ្ទះមានឱកាសស៊ុត២គ្រាប់ដោយថ្វីជើងកីឡាករ Hoarau ទាំងពីរនៅនាទី៣០ និង៦៨។
Paulo Dybala ដែលប្ដូរចូលជំនួសខ្សែការពារ De Sciglio នោះបានស៊ុតឲ្យ Juventus បាន១គ្រាប់វិញនៅនាទី៨០ ហើយលទ្ធផល២ ទល់នឹង១នេះគ្មានការប្រែប្រួលទេត្រូវរក្សារហូតដល់ចប់ការប្រកួត។ ទោះចាញ់មែនតែ Juventus នៅតែឈរលេខ១ដោយសារ Manchester United បានចាញ់ Valencia ២-១ ដូចគ្នា៕
Manchester United បានខកខានឱកាសបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល H បន្ទាប់ពីចាញ់ Valencia នៅប្រកួតបិទពូល Champions League។ នេះគឺជាបរាជ័យលើកដំបូងទល់នឹង Valencia របស់បិសាចក្រហមដោយ៧ប្រកួតកន្លងមកបិសាចក្រហមឈ្នះ២ ស្មើ៥ និងមិនដែលចាញ់សោះឡើយ។ ម្ចាស់ផ្ទះរកបានគ្រាប់ទី១នៅនាទី១៧ ស៊ុតបញ្ចូលទីដោយ Carlos Soler ហើយ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Phil Jones។
ពូលនេះលេខមួយបានទៅលើ Juventus ដែលមាន១២ពិន្ទុនៅក្នុងដៃទោះចាញ់ Young Boy នៅប្រកួតចុងក្រោយក៏ដោយ ហើយ United ដែលចាញ់២ ឈ្នះ៣ និងស្មើ១ ឈរលេខពីរ ស្របពេលលេខបីគឺ Valencia បានទៅលេខពាន Europa League៕
- ពត៌មានបាល់ទាត់ ផ្សេងៗ
- Mario Mandzukic Cristiano Ronaldo Paulo Dybala manchester united Valencia CF UEFA Champions League Young Boys UEFA Europa League
- 1031
- 13 Dec 2018 11:38
- 962