វៀតណាម យកឈ្នះ ថៃ ចុងម៉ោង ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ King’s Cup 2019

 

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ទីបំផុតបានធ្វើឲ្យក្រុមជម្រើសជាតិថៃ ចាញ់ទាំងមិនអស់ចិត្ត ត្បិតគ្រាប់បាល់ចុងម៉ោង ១គ្រាប់គត់ ធ្វើឲ្យម្ចាស់ផ្ទះរងបរាជ័យលើដីខ្លួនឯងចំពោះមុខទស្សនិកជនរាប់ម៊ឺននាក់ នៅកីឡដ្ឋាន Chang Arena។

ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ទាំង ២នេះ ពិតជាតាន់តឹង និងស្វិតស្វាញដូចសមត្ថភាពរៀងៗខ្លួន ដោយតំបន់កណ្ដាលបានក្លាយជាតំបន់ដែលមានការគ្រប់គ្រងបាល់ច្រើនជាងគេសម្រាប់ទាំងពីរក្រុម គ្រាដែលឱកាសទាត់សំដៅទីគ្នា គឺពុំមានច្រើនឡើយ។

យ៉ាងណាក៏ដោយ ការប្រកួតបានអូសបន្លាយដល់នាទី៩០ ទើបគ្រាប់បាល់កើតមានឡើង ពោលគឺក្រុមភ្ញៀវវៀតណាម ដែលមានឱកាសគ្រប់គ្រងបាល់តិចជាងម្ចាស់ផ្ទះ បានរកគ្រាប់បាល់បានសម្រេច ដោយកីឡាករចាស់វស្សាក្នុងក្រុម Nguyen Anh Duc នៅនាទី៩០+៥ ទៅហើយ ដែលជាគ្រាប់បាល់ជ័យជម្នះ។

ជ័យជម្នះរបស់វៀតណាម នឹងនាំឲ្យក្រុមរហស្សនាម នាគមាស មួយនេះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រពានមហាក្សត្រថៃ ( King’s Cup 2019 ) ទល់នឹង ក្រុមជម្រើសជាតិខារ៉ាសៅ ( Curaçao ) ក្រុមមកពីទ្វីបអាមេរិកកណ្ដាល ដែលបានយកឈ្នះ ឥណ្ឌា ៣ទល់១ ក្នុងវគ្គដូចគ្នានេះ នៅថ្ងៃទី០៨ ខែមិថុនា៕

Comment
0 comment

0 comment

Related articles