

Liverpool និង Arsenal នាំមុខក្នុងតារាង ខណៈ Man City ធ្លាក់មកលេខ៣ ខណៈ Aguero ប្រកែកតឹងសរសៃកជាមួយ Pep យប់មិញ
ការប្រកួតក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី២ យប់មិញ Liverpool និង Arsenal បានទទួលជ័យជម្នះដូចគ្នា ខណៈ Manchester City បានត្រឹមប្រកួតស្មើ Tottenham Hotspur ២-២។
Liverpool បានយកឈ្នះម្ចាស់ផ្ទះ Southampton ២-១ ក្នុងនោះ ២គ្រាប់របស់ហង្សក្រហមធ្វើបានដោយ Sadio Mane នាទី៤៥+ និង Roberto Firmino នាទី៧១។ រហូតដល់នាទី៨៣ ទើបម្ចាស់ផ្ទះបំបែកពងមាន់បាន១គ្រាប់វិញធ្វើបានដោយ Danny Ings។ ចំណែក Arsenal យកឈ្នះក្រុមភ្ញៀវ Burnley ២-១។ Alexandre Lacazette រកគ្រាប់បាល់ដំបូងឱ្យក្រុមកាំភ្លើងធំនៅនាទី១៣ ប៉ុន្តែត្រូវក្រុមភ្ញៀវតាមស្មើនៅនាទី៤៣។ ចូលដល់នាទី៦៤ Pierre-Emerick Aubameyang រកបានគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះឱ្យក្រុមម្ចាស់ផ្ទះ។
លទ្ធផលនេះ បានធ្វើឱ្យ Liverpool និង Arsenal នាំមុខគេក្នុងតារាងជាបណ្តោះអាសន្នដោយមាន ៦ពិន្ទុដូចគ្នា ខណៈ Man City ធ្លាក់មកលេខ៣ មាន៤ពិន្ទុ ឯ Spurs ឡើងមកចំណាត់ថ្នាក់ទី៥វិញ មាន៤ពិន្ទុផងដែរ៕
ក្រុម Man City លេងក្នុងដីខ្លួនឯង មិនអាចយកឈ្នះលើក្រុម Spurs បានឡើយ ដោយបានត្រឹមលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ។ ក្នុងការប្រកួតនេះដែរ ក្រៅពីមានបញ្ហាលើបច្ចេកទេស VAR គេនៅសង្កេតឃើញរឿងមួយទៀតគឺការប្រកែកគ្នារវាងកីឡាករ Aguero និង Pep នៅនាទី៦៦។
Aguero ត្រូវប្ដូរចេញជំនួសវិញដោយ Jesus នៅនាទីខាងលើនេះ។ ការប្ដូរកីឡាករអាហ្សង់ទីនចេញ បានធ្វើឱ្យរូបគេមិនពេញចិត្តនោះទេ។ ការដើរចេញពីទីលាន លោក Pep បានហៅ Aguero មកណែនាំ ហើយក៏មានការប្រកែកគ្នាពីចំណុចដែលរូបគេធ្វើមិនបានល្អ រហូតដល់ត្រូវប្ដូរចេញនេះ។ Aguero ក៏បានស្រែកដាក់ Pep ដើម្បីតវ៉ាការបន្ទោសរបស់អ្នកចាត់ការខ្លួនផងដែរ។ តែចុងក្រោយ អ្នកទាំងពីរក៏បានអោបគ្នាវិញ ក្រោយពីគ្រាប់បាល់របស់ Jesus ស៊ុតចូលចុងម៉ោង។ ការសប្បាយចិត្តរបស់អ្នកទាំងពីរ គួរឱ្យសោកស្ដាយត្រង់ថា VAR មិនផ្ដល់បាល់១គ្រាប់របស់ Jesus នោះទេ៕
- ពត៌មានបាល់ទាត់ Premier League
- England - Premier League FC Liverpool Arsenal Man City Spurs Sergio Aguero Pep Guardiola
- 731
- 18 Aug 2019 11:57
- 962