

Porto និង Celtic អត់បានកៅអី Champions League ទេឆ្នាំនេះក្រោយចាញ់រៀងខ្លួន ខណៈ Ajax ប៊ិះធ្លាក់
Celtic បានធ្លាក់ចេញពីពាន UEFA Champions League ត្រឹមវគ្គជម្រុះក្រោយលេងចាញ់ក្រុម CFR Cluj មកពីប្រទេសរូម៉ានី។
កាលពីជើងទីមួយក្រុមទាំងពីរបានស្មើគ្នា១-១ ប៉ុន្តែជើងទីពីរនៅទីក្រុង Glasgow ប្រទេសស្កុតឡែនកាលពីយប់មិញ Celtic បែរជាភ្លាត់ចាញ់ ៣ទល់នឹង៤នៅទឹកដីខ្លួនឯង។ Deac គឺជាអ្នកស៊ុតបើកឆាកឲ្យក្រុមភ្ញៀវនាំមុខ១គ្រាប់មុននៅ នាទី២៧ ប៉ុន្តែ Forrest បានតាមស្មើឲ្យម្ចាស់ផ្ទះ ១-១ វិញនៅនាទី៥០ ហើយនៅនាទី៦១ ខ្សែប្រយុទ្ធ Edouard បានស៊ុតនាំមុខឲ្យ Celtic វិញម្ដង តែក្រុម CFR Cluj តាមស្មើបានវិញដោយបាល់ប៉េណាល់ទីរបស់ Omrani នៅនាទី៧៤។ រំលង២នាទី Christie ជួយក្រុមជើងឯកស្កុតឡែននាំមុខម្ដងទៀត ប៉ុន្តែ Omrani ដដែលបានតាមស្មើ ហើយនាទី៩០+៧ Tucudean បានស៊ុតបិទគូថឲ្យ CFR Cluj ឈ្នះប្រកួតនេះ។
ក្រៅពី Celtic ក្រុម Porto ឯណេះក៏មានវាសនាមិនខុសគ្នាគឺបានខ្ទាតចេញពីកម្មវិធី Champions League ត្រឹមវគ្គជម្រុះក្រោយចាញ់ក្រុមរុស្ស៊ី FC Krasnodar ដោយលទ្ធផល ២-៣។ កាលពីជើងទីមួយនៅរុស្ស៊ី Porto បានឈ្នះ Krasnodar ១-០ ក្រៅទឹកដីប៉ុន្តែការប្រកួតនៅទឹកដីខ្លួនឯងកាលពីយប់មិញ ក្រុមជើងឯកព័រទុយហ្គាល់បែរជាភ្លាត់ចាញ់ ២-៣ ទៅវិញធ្វើឲ្យលទ្ធផលទាំងពីរជើង ៣-៣ តែ Krasnodar បានឡើងដោយគ្រាប់ចំណេញក្រៅដី នេះគឺជាលើកដំបូងគិតចាប់ពីឆ្នាំ ២០១១ មកដែល Porto មិនបានឡើងដល់វគ្គចែកពូល Champions League។
ដោយឡែក Ajax ដែលលក់កីឡាករខ្លាំងៗសឹងអស់នោះបានវាយបកយកឈ្នះ PAOK របស់ក្រិកដោយលទ្ធផល ៣-២ សរុបទាំងពីរជើង ៥-៤៕
- ពត៌មានបាល់ទាត់ ផ្សេងៗ
- ពាន UEFA Champions League Celtic FC FC Porto FC Krasnodar CFR Cluj Ajax PAOK Thessaloniki
- 712
- 14 Aug 2019 14:58
- 962