គ្រាន់តែរូបថតសោះ អង្គការ Human Rights Watch ថាលោក Keisuke Honda ចូលរួមរំលោភសិទ្ធិមនុស្ស

 

សហព័ន្ធបាល់ទាត់កម្ពុជា និងការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ ទី ២១ខែធ្នូ បានចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្មទៅនឹងការចោទប្រកាន់ និងព្រួយបារម្ភរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទៅលើគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ថាធ្វើឡើងដោយគ្មានភស្តុតាង និងមានចរិតនយោបាយ មិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែករបស់លោក Honda ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជានោះទេ តែថែមទាំងជាការបង្អាក់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ នៅក្នុងតំបន់អាស៊ាន ទ្វីបអាស៊ី និងអន្តរជាតិផងដែរ។

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានហៅការការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលតាំងខ្លួនជាតម្រួតអន្តរជាតិនោះ ជាការបង្ហាញកាន់តែច្បាស់ថា អង្គការនេះមានចរិតបែបប្រទូសរ៉ាយ និងជាការអាម៉ាស់របស់អង្គការ ដែលមិនអាចធ្វើឲ្យកម្ពុជាទទួលយកបាននោះទេ។

សូមរម្លឹកជូនថា កាលពីថ្ងៃទី ៣ខែធ្នូ ឆ្នាំ ២០១៨ នាយកប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch លោក Brad Adams បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក Keisuke Honda ដោយបង្ហាញក្តីតក់ស្លុតចំពោះរូបថតដែលលោកហុងដា ថតចាប់ដៃគ្នាជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងសិន្និសីទកាសែតតែងតាំងលោកហុងដា ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០១៨។

តាមអង្គការ Human Rights Watch លោកសៅ សុខា គឺជាឧក្រិដ្ឋជន ដែលរំលោភសិទ្ធិមនុស្ស បង្កហិង្សា សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ចាប់មនុស្សដោយខុសច្បាប់ បង្ក្រាបបាតុករដែលតវ៉ាតាមបែបសន្តិភាព និងមានពាក់ព័ន្ធនឹងរឿងអាស្រូវឧក្រិដ្ឋកម្មសង្គ្រាម។ ដូច្នេះ ការទៅភ្ជាប់ទំនាក់ទំនងរវាងលោក Honda ដែលជាអតីតកីឡាករជម្រើសជាតិជប៉ុន និងជាកីឡាបាល់ទាត់ដ៏អស្ចារ្យម្នាក់នោះ ប្រៀបដូចជាការភ្ជាប់ខ្លួនទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម និងអំពើហិង្សាដែរ។

ក្នុងលិខិតកម្រាស់ ៣ទំព័រ ដែលលោក Brad Adams ផ្ញើជូនលោក Honda នោះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាសារមួយ ដែលចង់ឲ្យលោក Honda ដកខ្លួនចេញពីវិស័យបាល់ទាត់កម្ពុជា។ យ៉ាងណាក៏ដោយ ទាំងសហព័ន្ធបាល់ទាត់កម្ពុជា និងការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនឯកភាពចំពោះការចោទប្រកាន់របស់អង្គការ Human Rights Watch នោះទេ ដោយអះអាងថា ទាំងលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda គឺសុទ្ធតែមនុស្ស ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីលើកស្ទួយវិស័យបាល់ទាត់កម្ពុជា។

តាមរយៈសកម្មភាពនេះ យើងអាចមើលឃើញថា លោក Keisuke Honda កំពុងត្រូវបានគេយកទៅធ្វើជាផ្ទាំងស៊ីបនយោបាយ។ ហើយប្រការដែលកាន់តែអាក្រក់នោះ គឺការយកបញ្ហានយោបាយ ទៅលូកឡំជាមួយកីឡា។ ជាទូទៅ កីឡា គឺជាសារសន្តិភាព ការបង្រួបបង្រួម និងសាមគ្គីភាព ប៉ុន្តែនៅពេលដែលអង្គការ Human Rights Watch គ្មានភស្តុតាងគ្រប់គ្រាន់ ហើយដាក់ការវាយតម្លៃទាំងស្រុង ដោយខ្លួនឯងបែបនេះ វាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក Honda ដែលបានស្ម័គ្រចិត្តមកជួយវិស័យកីឡាបាល់ទាត់កម្ពុជា។ សំណួរសួរថា ហេតុអ្វីបានជាលោក Honda ត្រូវក្លាយជាផ្ទាំងស៊ីបនៃការចូលរួមរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅកើត ដោយគ្រាន់តែលោកថតរូបចាប់ដៃគ្នាជាមួយលោក សៅ សុខា? តើពេលតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រធានសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា មិនគួរថតរូបជុំគ្នាទេឬ?

លោក Honda បានបង្ហាញឆន្ទៈចង់លើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ហើយក៏ចង់រឹតចំណងមិត្តភាពបន្ថែមរវាងជប៉ុន និងកម្ពុជាដែរ។ ប៉ុន្តែនៅពេលដែលមានព័ត៌មានពីអង្គការ Human Rights Watch បែបនេះ ចង់ឬមិនចង់ លោក Honda អាចយកវាធ្វើជាការគិតមួយ ដែលជាសម្ពាធដល់ការរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជា។ គ្មានកីឡាករអាជីពណាម្នាក់ ចង់ឲ្យខ្លួនឯងជាប់ឈ្មោះជាមនុស្សដែលបានចូលរួមរំលោភសិទ្ធិមនុស្សនោះទេ ទោះជាក្នុងរូបភាពណាក៏ដោយ។

យើងនៅចាំថា កីឡាករ Lionel Messi ធ្លាប់បដិសេធមិនទៅប្រកួតមិត្តភាពជាមួយអ៊ីស្រាអែល ព្រោះតែគេយល់ថាអ៊ីស្រាអែល បានប្រើអំពើហិង្សាលើប៉ាឡេស្ទីន។ ប៉ុន្តែករណីលោក Honda គឺផ្សេងគ្នា ព្រោះថាគាត់ពុំបានធ្វើការឲ្យលោក សៅ សុខា ឯណា? គឺឲ្យគាត់កំពុងតែស្ម័គ្រចិត្តចូលរួមធ្វើការឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាទេតើ!

ការពិតទៅ លោក Brad Adams គួរតែផ្ញើលិខិតស្នើសុំអន្តរាគមន៍ស៊ើបអង្កេតពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ច្រើនជាងការយកលោក Honda ធ្វើជាមុខសញ្ញា ដើម្បីរាំងខ្ទប់ការចូលរួមរបស់គាត់ក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា ជប៉ុន៕

Credit=foxsports.com.kh

Comment
0 comment

0 comment

Related articles