ប៉ែន ផាត ​ផ្ដាំ​ទៅ​គ្រូ​កម្ពុជា “១​ប្រទេស​ចង់​បាន​ជ័យជម្នះ មិនមែន​បទពិសោធ​ទៀត​ទេ”

 

លោក Felix ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ដឹក​នាំ​ក្រុម​នៅ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ដោយ​បន្សល់​នៅ​ពាក្យ​ថា បទ​ពិសោធ​ដដែល ​ព្រោះ​ក្រុម​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ដ ​ឬ​ឈ្នះ​ក្រុម​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កត់​សម្គាល់​ទៀត​នោះ គឺ​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​វៀតណាម​ ដែល​ដាក់​កីឡាករ​ក្មេង​ៗ​លេង​ច្រើន ​ខណៈ​ដែល​កីឡាករ​ឆ្នើម​ៗ​ប្រចាំ​ក្រុម​វិញ ​ដាក់​ចូល​លេង​នៅ​ចុង​ម៉ោង។ ស្រប​ពេល​ដែល​និយាយ​ពី​ទម្រង់​លេង​វិញ​នោះ ​៤​ប្រកួត​នៅ Suzuki Cup ​គឺ​ក្រុម​កម្ពុជា​ប្ដូរ​ទម្រង់​លេង​ជា​និច្ច។ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ក៏​មិន​ទាន់​រក​ឃើញ​តំបន់​លេង​មួយ ឱ្យ​ជាក់​លាក់​នៅ​ឡើយ​ដែរ ​ក្នុង​ការ​ប្រកួត​កន្លង​មក​នេះ។

អម​ជាមួយ​អ្នក​គាំទ្រ​យល់​ឃើញ​ដូច្នេះ​ដែរ ​អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ ​ប៉ែត ផាត ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ “គួរ​ឱ្យ​ស្ដាយ​ណាស់​លោក​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​យើង គំនិត​របស់​គាត់​ប្លែក​ពី​គ្រូ​ផ្សេង​ៗ​ច្រើន​ណាស់! ​កីឡាករ​ឆ្នើម​ៗ​គាត់​ឱ្យ​លេង​១០​នាទី​ចុង​ក្រោយ ​ពេល​ដែល​ចាញ់​ហើយ! ខ្ញុំ​ខំ​អត់​ទ្រាំ​ចង់​ដាច់​ដង្ហើម​ហើយ​លោក​គ្រូ​អើយ ​ទម្រង់​លេង​បាន​ល្អ​នៅ​ភូមា ​លោក​ក៏​ដូរ​ចេញ ​លេង​ជាមួយ​ឡាវ ​កីឡាករ​ល្អ​ៗ ​ទម្រង់​លេង​ល្អ ​ក៏​លោក​ដូរ​ដែរ? ដល់​ទៅ​វៀតណាម ​លោក​គ្រូ​ក៏​ដូរ​ទម្រង់​លេង ​ហើយ​មិន​ឱ្យ​កីឡាករ​ឆ្នើម​ៗ ល្អ​លេង​! ​ខ្ញុំ​ប្រាប់​ទៅ​លោក​គ្រូ ​បើ​ចង់​ឱ្យ​ក្មេង​មាន​បទ​ពិសោធ ​គេ​មិន​ដែល​ធ្វើ​នៅ​ពេល​ប្រកួត​ផ្លូវការ​ទេ ​លោក​គ្រូ! មិត្តភាព គឺ OK គេ​ឱ្យ​លេង​២០​នាទី​ចុង​ក្រោយ​ទេ។ ចុង​ក្រោយ​សូម​ប្រាប់​លោក​គ្រូ​ថា ​ការ​ប្រកួត​ជា​ផ្លូវការ​កន្លង​មក​នេះ ​មិន​មែន​ឱ្យ​លោក​គ្រូ​មក​ធ្វើ​ការ​ពិសោធ​ទេ គឺ​យើង​ទាំង​អស់​គ្នា​មួយ​ប្រទេស​ចង់​បាន​ជ័យជម្នះ ​និង​ការ​រីក​ចម្រើន​ទៅ​មុខ​បាទ ​លោក​គ្រូ”៕

Comment
0 comment

0 comment

Related articles