

Ballon d’Or 2018: គ្មានឈ្មោះអ្នកសារព័ត៌មានដែលបានបោះឆ្នោតនោះទេ
នៅក្នុងការបែកធ្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយផ្សេងទៀត ពាក់ព័ន្ធនឹងពិធីប្រគល់ពានរង្វាន់ Ballon d’Or អ្នកយកព័ត៌មានម្នាក់ដែលជាគណកម្មការបោះឆ្នោតជ្រើសរើសកីឡាករដែលត្រូវទទួលពានរង្វាន់មួយនេះ ដូចក្នុងបញ្ជីរបស់ស្ថាប័ន France Football តាមការពិតគឺមិនមានវត្តមាននោះទេ។
អ្នកយកព័ត៌មានសញ្ជាតិ Comoran ដូចដែលមានបង្ហាញនៅក្នុងបញ្ជីរបស់ស្ថាប័ន France Football ឈ្នោះ Abdou Boina មកពីសារព័ត៌មាន albaladcomores.com តាមការពិតគឺគ្មានវត្តមាននោះទេ ហើយសារព័ត៌មានមួយនេះត្រូវបានបិទជិត ៦ឆ្នាំមកហើយ បើយោងតាមសេចក្ដីរាយការណ៍របស់ alwatwan.net។ បញ្ជីឈ្មោះនេះបានបង្ហាញឈ្មោះលោក Boina បោះឆ្នោតឲ្យកីឡាករ Kylian Mbappe ជាជម្រើសទី១ របស់គាត់ បន្ទាប់មកមាន Luka Modric, Cristiano Ronaldo, Eden Hazard និង Mohamed Salah។
លោក Toimimou Abdou ដែលជាអតីតអ្នកថតរូបភាពកីឡារបស់អតីតសារព័ត៌មានមួយនោះបានប្រាប់ alwatwan.net ថា៖ ”ខ្ញុំភ្ញាក់ផ្អើលដែលបានឃើញថាសារព័ត៌មានប្រចាំថ្ងៃ Albalad Comoros នៅមានវត្តមាននៅឡើយ។ តាមដែលខ្ញុំដឹង សារព័ត៌មានមួយនេះបានបិទឈប់ដំណើរការជិត ៦ឆ្នាំហើយ។ នៅក្នុងអង្គភាពមួយនេះមិនដែលមានអ្នកយកព័ត៌មានឈ្មោះ Abdou Boina នោះទេ។ យើងធ្លាប់មានអ្នកយកព័ត៌មាន ២រូបឈ្មោះ Abdoul Youssouf សម្រាប់ផ្នែកភាសាបារាំង និង Sharif Ousseine សម្រាប់ផ្នែកភាសាអារ៉ាប់”។
លើសពីនេះទៅទៀត ទង់ជាតិ Comoran ដែលបានប្រើក្នុងបញ្ជីរបស់ French Football គឺជាទង់ជាតិដែលគេប្រើតាំងពី ១៧ឆ្នាំមុនមកម៉្លេះ។
លោក Fayssoile Moussa របស់សហព័ន្ធបាល់ទាត់ Comoros បានលើកឡើងថា៖ “ខ្ញុំយល់ថាម្ចាស់សម្លេងឆ្នោតសញ្ជាតិ Comoran ឈ្មោះ Abdou Boina អាចជាអ្នកយកព័ត៌មានឯករាជ្យ។ ប៉ុន្តែការសរសេរថាគាត់មកពីសារព័ត៌មានប្រចាំថ្ងៃ Albalad Comoros គឺជាការមិនគោរពចំពោះប្រទេសមួយនេះនោះទេ ជាពិសេសស្ថាប័ន France Football បានបង្ហាញប្រទេសមួយនេះដោយប្រើទង់ជាតិដែលគេបានឈប់ប្រើតាំងពី ១៧ឆ្នាំមុនមកម៉្លេះ”។
កីឡាករ Luka Modric បានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំនេះ ដោយបានបញ្ចប់សម័យកាលគ្រងពាន Ballon d’Or របស់ Messi និង Ronaldo រយៈពេល ១០ឆ្នាំ៕Credit=foxsports.com.kh
- ពត៌មានបាល់ទាត់ Column / Scoop ផ្សេងៗ
- ពានរង្វាន់ Ballon d’Or France Football Abdou Boina Kylian Mbappe Luka Modric
- 1768
- 08 Dec 2018 17:23
- 962