បណ្តេញលោក Jose Mourinho ឬ អត់ អាស្រ័យលើការប្រកួតយប់នេះ?

២សប្តាហ៍មកហើយ ដែលគ្រប់ទំព័រកាសែតកីឡា បានផ្តោតការចាប់អារម្មណ៍ទៅលើករណីអ្នកចាត់ការទូទៅនៃក្លឹប Manchester United លោក Jose Mourinho។ ចាប់អារម្មណ៍ ព្រោះតែដំណឹងចចាមអរ៉ាមថា លោក Mourinho កំពុងប្រឈមនឹងការបណ្តេញចេញតាមរយៈការដឹកនាំក្រុមបិសាចក្រហម ឲ្យទទួលបរាជ័យជាប់ៗគ្នា បូករួមនឹងជម្លោះជាមួយកីឡាករ។

នៅថ្ងៃសៅរ៍នេះ វេលាម៉ោង ១១និង៣០យប់ (ម៉ោងក្នុងប្រទេសកម្ពុជា) Manchester United ត្រូវបើកកីឡដ្ឋាន Old Trafford ដើម្បីស្វាគមន៍ក្រុមសារិកាព្រៃ Newcastle United។ ការប្រកួតនេះ មើលទៅហាក់ដូចជាធម្មតា ព្រោះ Man Utd ជាក្រុមធំ ឯ Newcastle គឺជាក្រុមបាតតារាង។ យ៉ាងណាក៏ដោយ លទ្ធផលយប់នេះ នឹងកំណត់វាសនារបស់លោក Jose Mourinho។

 

 

អាចកំណត់វាសនាគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់នេះបាន ប្រសិនបើ Man Utd នៅតែបន្តចាញ់ ឬ ស្មើ! នេះបើតាមពាក្យចចាមអារ៉ាមនៃសារព័ត៌មានបរទេសល្បីៗមួយចំនួន ដូចជា BBC ជាដើម។ គួរជម្រាបជូនថា ៤ប្រកួតចុងក្រោយនេះ ក្នុងក្របខណ្ឌបាល់ទាត់នៅអង់គ្លេស និងអឺរុប Man Utd ទទួលបានលទ្ធផលមិនគាប់ចិត្តអ្នកគាំទ្រ ដោយស្មើជាមួយ Wolves ១ទល់នឹង១ ក្នុងក្របខណ្ឌ Premier League ប្រកួតចាញ់ Derby Country នៅវគ្គប៉េណាំងទី ក្នុងក្របខណ្ឌ League Cup បន្តចាញ់ក្រុម West Ham ដោយលទ្ធផល ១ទល់នឹង៣ ក្នុងក្របខណ្ឌ Premier League និងបន្តស្មើជាមួយ Valencia ០ទល់នឹង០ ក្នុងក្របខណ្ឌ UEFA Champions League។

 

 

បន្ទាប់ពីលទ្ធផលទាំងនេះ ធ្វើឲ្យមានរូបភាពជាច្រើន បានបង្ហាញថាទាំងកីឡាករ ទាំងអ្នកគាំទ្រមួយចំនួន មានចិត្តចង់ឲ្យ លោក Mourinho ចាកចេញពី Man Utd ដើម្បីធ្វើឲ្យក្លឹបមួយនេះ ក្លាយជាក្លឹបខ្លាំងដូចកាលពីជំនាន់លោក Sir Alex Ferguson វិញ។ យ៉ាងណាក៏ដោយ ព្រឹទ្ធិចារ្យបាល់ទាត់របស់ Man Utd មួយចំនួនដូចជា លោក Ryan Giggs ជាដើម បានគាំទ្រទង្វើរបស់លោក Mourinho និងស្នើកុំឲ្យក្លឹបបណ្តេញគាត់ចេញ។

បើតាមលោក Giggs៖ «ខ្ញុំជឿថាគាត់ (Mourinho) គួរតែធ្វើការងារនេះ។ ពួកគេកំពុងឆ្លងកាត់ពេលវេលាយ៉ាងលំបាកនៅពេលនេះ ប៉ុន្តែផ្លាស់ប្តូរឥឡូវ បន្ទាប់មកក៏ដដែល … ខ្ញុំគិតថាបញ្ហាចុងក្រោយនេះ គឺគួរតែបន្តទៅមុខ។ … សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យផ្លាស់ប្តូរឥឡូវទេ។»

 

 

គួរជម្រាបជូនថា លោក Mourinho ទើបតែពង្រីងកុងត្រា ១ឆ្នាំទៀតជាមួយក្លឹប Man Utd កាលពីខែមករាកន្លងទៅ ពីព្រោះក្លឹបចង់ចងជើងគាត់ឲ្យបន្តនៅជាមួយ រហូតដល់ចប់រដូវកាល ២០១៩-២០២០។ ជាការពិត លោក Mourinho ប្រហែលជាមិនបានបារម្ភពីរឿងបណ្តេញគាត់ចេញនោះទេ គាត់ធ្លាប់បានប្រាប់ក្នុងសន្និសីទកាសែតថា គាត់មិនខ្វល់នោះទេ។ មិនខ្វល់ ព្រោះថាប្រសិនបើក្លឹបបណ្តេញគាត់ចេញ នោះក្លឹបនឹងត្រូវខាតបង់ប្រាក់ ១២លានផោន ដែលជាប្រាក់ សម្រាប់​ប្រាក់ខែរបស់លោក Mourinho៕

Comment
0 comment

0 comment

Related articles